រ៉ង់ហ្គូន៖ លោកស្រី Noeleen Heyzer បេសកជនពិសេសរបស់អង្គការសហប្រជាជាតិប្រចាំប្រទេសដែលហែកហួរដោយជម្លោះបានលើកឡើងថា របបយោធាមីយ៉ាន់ម៉ា មិនអាចត្រូវបានគេព្រងើយកន្តើយ និងចាកចេញពីដំណើរការសន្តិភាពនាពេលខាងមុខនោះទេ។
លោកស្រីបានលើកឡើងថា “យោធា នៅពេលដែលខ្ញុំនិយាយថា ពួកគេមិនស្របច្បាប់ វាមិនមានន័យថា ពួកគេគ្មានតួនាទីនោះទេ។ ពួកគេមានតួនាទីស្របច្បាប់ ប៉ុន្តែពួកគេមិនមែនជារដ្ឋាភិបាលស្របច្បាប់នៅពេលនេះទេ”។
ចាប់តាំងពីការដណ្តើមអំណាចដោយយោធាមីយ៉ាន់ម៉ា កាលពីខែកុម្ភៈ ឆ្នាំមុន មនុស្សជាង ១៤០០នាក់ត្រូវបានសម្លាប់ និងយ៉ាងហោចណាស់ ១២០០០នាក់ទៀតត្រូវបានជាប់ពន្ធនាគារ។ វាក៏មានការកើនឡើងនៃភាពអត់ឃ្លាន និងភាពក្រីក្រនៅក្នុងប្រទេសផងដែរ ដោយសារតែការកើនឡើងនៃអំពើហិង្សាបាននាំឱ្យមានការបិទអាជីវកម្ម និងរោងចក្រជាច្រើន។
កាលពីខែធ្នូ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានថ្កោលទោសចំពោះការសម្លាប់មនុស្សយ៉ាងហោចណាស់ ៣៥នាក់ក្នុងនោះមានកុមារ ៤នាក់ និងបុគ្គលិកនៃអង្គការមនុស្សធម៌ Save the Children នៅភាគខាងកើតរដ្ឋ Kayah ។
លោកស្រី Heyzer បានឲ្យដឹងនៅមុនថ្ងៃគម្រប់ខួបមួយឆ្នាំនៃការឡើងកាន់អំណាចរបស់យោធាថា “ការសម្លាប់នឹងកាន់តែអាក្រក់ទៅៗ លុះត្រាតែយើងរកវិធី ដើម្បីបញ្ឈប់វាបាន”៕ដោយ ឈូក បូរ៉ា