រ៉ង់ហ្គូន៖ មេដឹកនាំយោធាមីយ៉ាន់ម៉ា បានគំរាមដាក់គុកក្រុមបាតុករប្រឆាំងរដ្ឋប្រហារ ដែលចូលរួមក្នុង “កូដកម្មស្ងៀមស្ងាត់” នៅថ្ងៃអង្គារ ថ្ងៃទី០១ ខែកុម្ភៈនេះ ដែលជាថ្ងៃខួបមួយឆ្នាំចាប់តាំងពីឧត្តមសេនីយ៍លោក មីន អោងឡាំង បានដណ្តើមអំណាច ខណៈដែលសហរដ្ឋអាមេរិក អង់គ្លេស និងកាណាដា បានដាក់ទណ្ឌកម្មថ្មីលើរដ្ឋាភិបាលយលធាមួយនេះ។
ប្រទេសនេះស្ថិតក្នុងភាពវឹកវរចាប់តាំងពីម្ចាស់ជ័យលាភីណូបែលលោកស្រី អ៊ុងសាន ស៊ូជី និងឥស្សរជនផ្សេងទៀតមកពីគណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ (NLD) របស់លោកស្រី ត្រូវបានប្រមូលផ្តុំនៅក្នុងការវាយឆ្មក់ ដែលត្រូវបានចោទប្រកាន់ដោយរបបយោធាថា បានក្លែងបន្លំការបោះឆ្នោតឆ្នាំ២០២០ ដែលគណបក្ស NLD បានឈ្នះឆ្នោត។
ការផ្ដួលរំលំរដ្ឋាភិបាលរបស់លោកស្រី អ៊ុងសាន ស៊ូជី បានបង្កឱ្យមានការតវ៉ាតាមដងផ្លូវដ៏ធំកាលពីឆ្នាំមុន ហើយកងកម្លាំងសន្តិសុខបានសម្លាប់រាប់រយនាក់នៅក្នុងការបង្ក្រាប ដែលបានកើតឡើង ដែលនាំទៅដល់ការបង្កើត “កងកម្លាំងការពារប្រជាជន” ដើម្បីដណ្តើមយកកងទ័ព។
ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ សកម្មជនបានជំរុញមនុស្សឱ្យស្នាក់នៅក្នុងផ្ទះ និងអាជីវកម្មត្រូវបិទ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានសិង្ហបុរី។
សកម្មជនយុវជន ណាន លីន ដែលសង្ឃឹមថា កូដកម្មនឹងផ្ញើសារទៅកាន់របបយោធាបានលើកឡើងថា “យើងប្រហែលជាត្រូវចាប់ខ្លួន និងដាក់គុកអស់មួយជីវិត ប្រសិនបើយើងមិនមានសំណាង”។ ពាក់ព័ន្ធនឹងបញ្ហានេះ អ្នកនាំពាក្យយោធាកាន់អំណាចមិនបានឆ្លើយតបនឹងការហៅទូរស័ព្ទ ដើម្បីស្វែងរកការអត្ថាធិប្បាយនោះទេ។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ថា មេដឹកនាំយោធាលោក មីន អោងឡាំង កាលពីថ្ងៃចន្ទបានបន្តដាក់រដ្ឋក្នុងភាពអាសន្នរយៈពេល ៦ខែ ដើម្បីសម្រួលដល់ការបោះឆ្នោត ដែលបានសន្យា៕ដោយ ឈូក បូរ៉ា