ព័ត៌មានអន្តរជាតិ

ក្រុមមិនស្គាល់អត្តសញ្ញាណ នៅអ៊ីរ៉ាក់ ប្រកាសថា ខ្លួនបានបញ្ជាយន្តហោះ គ្មានមនុស្សបើក វាយប្រហារ ទៅលើសហភាពអារ៉ាប់រួម

បាដាដ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២២ថា ក្រុមប្រដាប់អាវុធ មិនស្គាល់អត្តសញ្ញាណរបស់អ៊ីរ៉ាក់ បានហៅឈ្មោះខ្លួនឯងថា កងជីវពលសុច្ចរិត កាលពីថ្ងៃពុធ ដោយបាន អះអាងទទួលខុសត្រូវ សម្រាប់ការវាយប្រហារមកលើសហភាពអារ៉ាប់រួម ហៅកាត់ (UAE)ជាមួយនឹងយន្តហោះគ្មានមនុស្ស បើកចំនួន៤គ្រឿង ។

សេចក្តីប្រកាសមួយចេញដោយក្រុមខាងលើ បានបង្ហោះនៅលើគណនី Telegram របស់ខ្លួនថា សមាជិករបស់ខ្លួន បានបើកការវាយប្រហារមួយមកលើ UAE កាលពីព្រឹក ដែលមានយន្តហោះគ្មានមនុស្សបើក ចំនួន៤គ្រឿង ដែលបានដាក់ចំគោលដៅរោងចក្រ ជាច្រើននៅរដ្ឋធានី Abu Dhabi ។

សេចក្តីប្រកាសបានដាក់ថា “ក្រុមនេះបានបញ្ជាក់ថា ខ្លួននឹងបន្តបើកការវាយប្រហាររហូតដល់ UAE ឈប់លូកដៃជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង របស់ប្រទេសជាច្រើន នៅក្នុងតំបន់ ជាពិសេស យេមែន និងអ៊ីរ៉ាក់” ។
សេចក្តីថ្លែងការបានឲ្យដឹងទៀតថា “ការវាយប្រហារថ្មីៗ នឹងកាន់តែច្រើន និងបង្កឲ្យមានការឈឺចាប់កាន់តែខ្លាំង” ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top