សៅប៉ូឡូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នំា២០២២ថា អាជ្ញាធរការពារជនស៊ីវិលក្នុងស្រុក បានឲ្យដឹងកាលពីថ្ងៃពុធថា ចំនួននៃពលរដ្ឋដែលបានស្លាប់ នៅក្នុងគ្រោះទឹកជំនន់ និងគ្រោះបាក់ដី ដែលបានបង្កឡើងដោយ ភ្លៀងធ្លាក់យ៉ាងគំហុក កាលពីចុងសប្តាហ៍ នៅរដ្ឋសៅប៉ូឡូ ប្រទេសប្រេស៊ីល បានកើនឡើងដល់២៨នាក់ បន្ទាប់ពីសាកសព ៣នាក់ទៀត ក្នុងចំណោមពលរដ្ឋដែលបានបាត់ខ្លួន ត្រូវបានរកឃើញ ។
យោងតាមរបាយការណ៍បានឲ្យដឹងថា សាកសពបងប្អូន២នាក់ ទាំងពីរនាក់ជាអនីតិជន និងម្នាក់ជាបុរសវ័យចំណាស់ ត្រូវបានរកឃើញ ដោយក្រុមអ្នកពន្លត់អគ្គីភ័យ នៅក្រុង Franco da Rocha នៅរដ្ឋសៅប៉ូឡូ មេត្រូប៉ូលីតែន នៅក្នុងតំបន់មួយ ដែលកប់ដោយល្បាប់ភក់ ។
អង្គភាពពន្លត់អគ្គីភ័យប្រចាំរដ្ឋសៅប៉ូឡូ បានឲ្យដឹងថា យ៉ាងហោចណាស់ពលរដ្ឋចំនួន៧នាក់ នៅបន្តបាត់ខ្លួននៅឡើយ នៅក្រុង Franco da Rocha និងក្រុង Jau ។
រដ្ឋសៅប៉ូឡូ បានរងគ្រោះដោយភ្លៀងធ្លាក់យ៉ាងខ្លាំង ដែលបានភ្លៀងកាលពីថ្ងៃសៅរ៍៍ ដែលបង្កឲ្យមានគ្រោះទឹកជំនន់ និងបាក់ ដី ហើយបង្ខំឲ្យធ្វើការជម្លៀសខ្លួនពលរដ្ឋ ជាង៦០០គ្រួសារ ។
លោក Jair Bolsonaro ប្រធានាធិបតីប្រេស៊ីល កាលពីថ្ងៃអង្គារ បានទៅពិនិត្យមើលស្ថានភាពនៅក្រុង Franco da Rocha និងតំបន់ជាច្រើនទៀត ដែលរងផលប៉ះពាល់ដោយព្យុះ និងសន្យាផ្តល់ជំនួយ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា