ព័ត៌មានអន្តរជាតិ

អតីតនាយករដ្ឋម៉ាឡេស៊ី Mahathir ត្រូវបានអនុញ្ញាតឲ្យទៅភូមិគ្រឹះវិញ តែត្រូវមកព្យាបាលរោគនៅពេទ្យដដែល

កូឡាឡាំពួរ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២២ថា លោក Mahathir Mohamad អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ដែលបានបម្រើការងារជាង ២ទសវត្សរ៍ ក្នុងមុខតំណែងកំពូលនោះ បន្តទទួលការព្យាបាល នៅវិទ្យាស្ថានជាតិបេះដូង ប៉ុន្តែត្រូវបានអនុញ្ញាតឱ្យទៅភូមិគ្រឹះវិញ នេះបើតាមការិយាល័យ របស់លោកបានឲ្យដឹងនៅថ្ងៃសុក្រនេះ ។

ការិយាល័យរបស់គាត់បានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោក Mahathir អាយុ៩៦ឆ្នាំត្រូវបានអនុញ្ញាតឱ្យ ត្រឡប់ទៅភូមិគ្រឹះវិញចាប់តាំងពីថ្ងៃពុធ ហើយត្រឡប់ទៅមន្ទីរពេទ្យវិញ ដើម្បីព្យាបាលដោយចលនា និងការព្យាបាលបន្ថែមទៀត ។ លោកត្រូវបានគេណែនាំ មិនឲ្យទទួលភ្ញៀវឡើយ ។

នៅក្នុងសារជាវីដេអូ លោក Mahathir បានថ្លែងថា គាត់ត្រឡប់ទៅមន្ទីរពេទ្យវិញនៅពេលល្ងាច បន្ទាប់ពីចំណាយពេលមួយថ្ងៃនៅភូមិគ្រឹះ ខណៈដែលគាត់នៅតែត្រូវ ឆ្លងកាត់នីតិវិធីមួយចំនួន ។

Mahathir បានថ្លែងនៅក្នុងវីដេអូនោះថា “ខ្ញុំបានជាសះស្បើយហើយ មិនទាន់បានពេញលេញទេ” ដែលក្នុងនោះគេឃើញ គាត់ដើរយឺតៗផងដែរ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top