វ៉ាស៊ីនតោន ៖ ក្រសួងការបរទេសអាមេរិក បានឲ្យដឹងថា រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken នឹងទៅកាន់អាស៊ី នៅសប្តាហ៍ក្រោយ សម្រាប់កិច្ចពិភាក្សា ជាមួយសម្ព័ន្ធមិត្តឥណ្ឌូប៉ាស៊ីហ្វិក រួមទាំងកិច្ចប្រជុំរដ្ឋមន្ត្រី ការបរទេស នៃក្រុមប្រទេស Quad ផងដែរ ។
លោក Blinken កំពុងធ្វើដំណើរ បើទោះបីជាមានវិបត្តិកាន់តែខ្លាំងឡើងលើ អ៊ុយក្រែន ហើយអ្នកវិភាគគោល នយោបាយ បានលើកឡើងថា គោលបំណង គឺដើម្បីបង្ហាញពីការគាំទ្រ តំបន់ឥណ្ឌូប៉ាស៊ីហ្វិក ហើយថា ការរុញច្រានប្រឆាំង នឹងការពង្រីកឥទ្ធិពលរបស់ចិន នៅតែជាអាទិភាពកំពូល របស់ទីក្រុងវ៉ាស៊ីនតោន ។
លោក Blinken នឹងចាកចេញពីទីក្រុងវ៉ាស៊ីនតោន នៅថ្ងៃចន្ទ ហើយនឹងនៅប្រទេសអូស្ត្រាលី ចាប់ពីថ្ងៃទី០៩ ខែកុម្ភៈ ដល់ថ្ងៃទី១២ ខែកុម្ភៈ សម្រាប់ការប្រជុំ របស់ក្រុមប្រទេស Quad ដែលរួមមានសហរដ្ឋអាមេរិក ជប៉ុន ឥណ្ឌា និងអូស្ត្រាលី ។
បន្ទាប់មកលោក Blinken នឹងជួបមេដឹកនាំកោះប៉ាស៊ីហ្វិកក្នុងប្រទេសហ្វីជី មុនពេលធ្វើដំណើរទៅកាន់កោះហាវ៉ៃ ដើម្បីពិភាក្សាជាមួយសមភាគីជប៉ុន និងកូរ៉េខាងត្បូង ដើម្បីពិភាក្សាអំពីបញ្ហាកូរ៉េខាងជើង ។
ក្រសួងការបរទេសបានឲ្យដឹងថា គោលបំណង នៃការធ្វើដំណើរនេះគឺ “ដើម្បីចូលរួមជាមួយសម្ព័ន្ធមិត្ត និងដៃគូឥណ្ឌូប៉ាស៊ីហ្វិក ដើម្បីជំរុញសន្តិភាព ភាពធន់ និងវិបុលភាពនៅទូទាំងតំបន់ និងបង្ហាញថា ភាពជាដៃគូទាំងនេះ”៕
ដោយ ឈូក បូរ៉ា