ព័ត៌មានអន្តរជាតិ

យោធាអាមេរិក ចូលមកដល់ទឹកដីអឺរ៉ុបហើយ ជុំវិញបញ្ហាតានតឹង រវាងរុស្ស៊ី និងអ៊ុយក្រែន

បរទេស៖ ទាហានកងអាកាសទី 18 របស់កងទ័ពអាមេរិក បានចុះចតនៅឯអាកាសយានដ្ឋានកងទ័ព Wiesbaden ក្នុងប្រទេសអាល្លឺម៉ង់ ហើយកាលពីថ្ងៃសុក្រ ដោយយន្តហោះដឹកជញ្ជូនយោធា បានផ្ទុករថយន្ត និងឧបករណ៍យោធាក្នុងនោះ ។ ទាហានដែលមកដល់នេះ គឺជាទាហានដំបូងគេ ក្នុងចំណោមទាហានអាមេរិកចំនួន 2 000 នាក់ ដែលត្រូវបានបញ្ជា ឱ្យទៅបណ្តាប្រទេសណាតូ នៅអឺរ៉ុបខាងកើត ចំពេលមានភាពតានតឹងកំពុងបន្ត រវាងរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន និងទីក្រុងមូស្គូ ជុំវិញបញ្ហាអ៊ុយក្រែន។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២២ បានឱ្យដឹងថា យោងតាមបញ្ជាការដ្ឋាននៅអឺរ៉ុបទាំងនេះ នឹងបង្កើតទីស្នាក់ការកណ្តាលមួយ នៅក្នុងប្រទេសអាល្លឺម៉ង់ ខណៈដែលទាហានឆ័ត្រយោង 1 700 នាក់ ជាមួយនឹងកងពលធំទ័ពអាកាស ទី 82 របស់កងទ័ព នឹងធ្វើដំណើរទៅកាន់ប្រទេសប៉ូឡូញ ដែលមានព្រំប្រទល់ជាប់នឹងប្រទេសអ៊ុយក្រែន។ សរុបមក កងទ័ពចំនួន 2 000 នាក់ មកពី Fort Bragg ក្នុងរដ្ឋ North Carolina នឹងធ្វើដំណើរទៅកាន់ទ្វីបអឺរ៉ុប ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ។

ខ្សែអាត់វីដេអូបានបង្ហាញ ពីទាហានចុះពីលើយន្តហោះរបស់ពួកគេ នៅល្ងាចថ្ងៃសុក្រ ហើយបានលើកកញ្ចប់ និងយានជំនិះ។

សេតវិមានដែលអះអាងថា រុស្ស៊ីកំពុងរៀបចំផែនការ វាយប្រហារលើអ៊ុយក្រែន បាននិយាយថា ការដាក់ពង្រាយនេះមានគោលបំណង “រារាំង និងការពារប្រឆាំង នឹងការឈ្លានពានណាមួយ” ពីយោធារុស្ស៊ី។
ចំណែករដ្ឋាភិបាលទីក្រុងមូស្គូ បានបដិសេធការអះអាងទាំងនេះ ហើយបានច្រានចោលការចោទប្រកាន់ ដោយទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិក ថាខ្លួនកំពុងរៀបចំផែនការ រៀបចំឧប្បត្តិហេតុ “ទង់ក្លែងក្លាយ” ដើម្បីបង្ហាញពីភាពត្រឹមត្រូវ នៃការវាយប្រហារបែបនេះ៕ ប្រែសម្រួលៈ ណៃ តុលា

To Top