ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ គូសបញ្ជាក់ ពី សុទិដ្ឋិនិយម ដែល ប្រយ័ត្នប្រយែង ជំរុញ ឲ្យ មាន តុល្យភាព ការ ប្តេជ្ញាចិត្ត ក្នុង កិច្ចចរចា នុយក្លេអ៊ែរ ទីក្រុង វីយែន

តេអេរ៉ង់ ៖ មន្ត្រីសន្តិសុខកំពូលអ៊ីរ៉ង់ម្នាក់ បានគូសបញ្ជាក់ពីសុទិដ្ឋិនិយមយ៉ាងប្រុង ប្រយ័ត្នអំពីវឌ្ឍនភាព នៅក្នុងកិច្ចចរចានៅទីក្រុងវីយែន ស្តីពីការស្តារឡើងវិញ នូវកិច្ចព្រមព្រៀង នុយក្លេអ៊ែរឆ្នាំ២០១៥ ដោយអំពាវនាវឱ្យមាន “តុល្យភាព” នៅក្នុងការប្តេជ្ញា ចិត្តរបស់ភាគី។

លេខាធិការក្រុមប្រឹក្សា សន្តិសុខជាតិជាន់ខ្ពស់អ៊ីរ៉ង់ លោក Ali Shamkhani បានសរសេរថា “ទោះបីជាមានការវិវឌ្ឍន៍ មានកម្រិតនៅក្នុងកិច្ចចរចា នៅទីក្រុងវីយែន ក៏ដោយ យើងនៅតែនៅឆ្ងាយពីការសម្រេច បាននូវតុល្យភាពចាំបាច់ នៅក្នុងការប្តេជ្ញាចិត្តរបស់ភាគី” ។

លោកបានកត់សម្គាល់ថា “ការសម្រេចចិត្តនយោបាយ នៅទីក្រុងវ៉ាស៊ីនតោន គឺជាតម្រូវការ សម្រាប់តុល្យភាព នៃការប្តេជ្ញាចិត្ត ដើម្បីឈានដល់ កិច្ចព្រមព្រៀងដ៏ល្អ” នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ ។

អ៊ីរ៉ង់ និងមហាអំណាចពិភពលោក បានចុះហត្ថលេខាលើ កិច្ចព្រមព្រៀង នុយក្លេអ៊ែរ ដែលត្រូវបានគេស្គាល់ជាផ្លូវការថា ជាផែនការសកម្មភាព ទូលំទូលាយរួម (JCPOA) ក្នុងខែកក្កដា ឆ្នាំ២០១៥។

ទោះបីជាយ៉ាងណាក៏ដោយ អតីតប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានដកទីក្រុងវ៉ាស៊ីនតោន ចេញពីកិច្ចព្រមព្រៀងកាលពីខែឧសភា ឆ្នាំ២០១៨ ហើយបានដាក់ទណ្ឌកម្មជាឯកតោភាគីឡើង វិញលើប្រទេសអ៊ីរ៉ង់។

ចាប់តាំងពីខែមេសា ឆ្នាំ២០២១ ការចរចាចំនួន ៨ជុំ ត្រូវបានធ្វើឡើងនៅក្នុងរដ្ឋធានីអូទ្រីសរវាងប្រទេសអ៊ីរ៉ង់ និងភាគី JCPOA ដែលនៅសេសសល់ ដើម្បីស្តារកិច្ចព្រមព្រៀងឡើងវិញ។

រដ្ឋាភិបាលសហរដ្ឋអាមេរិក បានប្រកាសកាលពីថ្ងៃសុក្រថា ខ្លួនកំពុងលើកលែងទណ្ឌកម្ម លើកម្មវិធីនុយក្លេអ៊ែរស៊ីវិលរបស់អ៊ីរ៉ង់ ដែលអនុញ្ញាតឱ្យមានគម្រោង សហប្រតិបត្តិការ នុយក្លេអ៊ែរអន្តរជាតិ ៕

ដោយ ឈូក បូរ៉ា

To Top