វ៉ាស៊ីនតោន ៖ ប្រភពការទូតបានឲ្យដឹងថា សហរដ្ឋអាមេរិក បានជំរុញឱ្យប្រទេសជប៉ុន ពិចារណាលើការដាក់ទណ្ឌកម្ម សេដ្ឋកិច្ចលើទីក្រុងមូស្គូ ប្រសិនបើកងទ័ពរុស្ស៊ី ឈ្លានពានអ៊ុយក្រែន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារ សារព័ត៌មានក្យូដូជប៉ុន ។
ប្រភពបានឲ្យដឹងថា ទោះជាយ៉ាងណាក៏ដោយ ប្រទេសជប៉ុន បានពន្យាពេលការឆ្លើយតប របស់ខ្លួន ចំពោះសំណើ របស់សហរដ្ឋអាមេរិក ដោយបារម្ភពីផលប៉ះពាល់ ដែលអាចកើតមានលើទំនាក់ទំនង ជាមួយរុស្ស៊ី និងបញ្ហាទ្វេភាគី រួមទាំងជម្លោះទឹកដីដ៏យូរលង់ ដែលទីក្រុងតូក្យូ កំពុងស្វែងរកការ ទម្លាយច្រកចេញនោះ។
នៅពេលដែលភាពតានតឹងកើនឡើងខ្ពស់ជុំវិញ ការឈ្លានពាន ដែលអាចកើតមាន ចំពេលដែលវត្តមាន យោធារុស្ស៊ី ដ៏ធំនៅតាមព្រំដែន នៃប្រទេសជិតខាងអ៊ុយក្រែន ទី ក្រុងវ៉ាស៊ីនតោនសង្ឃឹមថា នឹងប្រមូលផ្តុំប្រទេសជប៉ុន និងប្រទេសដទៃទៀត ដែលគាំទ្រនីតិរដ្ឋក្នុងការដាក់ សម្ពាធលើទីក្រុងមូស្គូ កុំឱ្យចូលទឹកដីអ៊ុយក្រែន។
សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តអឺរ៉ុបរបស់ខ្លួន បានព្រមានថា រុស្ស៊ីនឹងប្រឈមមុខនឹង “ផលវិបាកធ្ងន់ធ្ងរ” រួមទាំងទណ្ឌកម្មសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រសិនបើកងទ័ពរ បស់ខ្លួនចូលលុកលុយអ៊ុយក្រែន។
យោងតាមប្រភពការទូតរបស់ជប៉ុន និងសហរដ្ឋអាមេរិក ទីក្រុងវ៉ាស៊ីនតោន បានបញ្ជូនទៅកាន់ប្រទេសជប៉ុន តាមរយៈបណ្តាញការទូតថា ខ្លួនមិនអាចអត់ធ្មត់ ចំពោះចលនារបស់ទាហានរុស្ស៊ី និងបានជំរុញឱ្យទីក្រុងតូក្យូ បង្កើនការរិះគន់របស់ខ្លួន លើប្រទេសរុស្ស៊ី។
ក្នុងអំឡុងពេល នៃកិច្ចប្រជុំកំពូលនិម្មិតជាមួយប្រធានាធិបតីសហរដ្ឋអាមេរិកលោក ចូ បៃដិន កាលពីចុងខែមុន នាយករដ្ឋមន្ត្រីជប៉ុនលោក ហ្វូមីអូ គីស៊ីដា បានសន្យាថានឹងចាត់វិធានការខ្លាំងក្លា ដើម្បីឆ្លើយតបទៅនឹងការវាយប្រហារណាមួយ លើអ៊ុយក្រែន ដោយរុស្ស៊ី និងបន្តកិច្ចសហប្រតិបត្តិការ ជិតស្និទ្ធជាមួយសហរដ្ឋអាមេរិក និងដៃគូផ្សេងទៀត ៕
ដោយ ឈូក បូរ៉ា