Covid-19

រុស្ស៊ី រកឃើញករណី ឆ្លងជំងឺកូវីដ១៩ថ្មី ជាង១៦០.០០០នាក់

ម៉ូស្គូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២២ថា មជ្ឈមណ្ឌលតាមដាន និងឆ្លើយតបនៅថ្ងៃអង្គារថា ប្រទេសរុស្ស៊ី បានបញ្ជាក់ពីករណីឆ្លងកូវីដ-១៩ថ្មីចំនួន ១៦៥.៦៤៣នាក់ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ ដែលនាំឱ្យចំនួនសរុបទូទាំងប្រទេស កើនឡើងដល់ ១៣.១៤៧.៦៦៦ករណី ។

ចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ទូទាំងប្រទេសកើនឡើង ៦៩៨ដល់៣៣៦.៧២១នាក់ ខណៈអ្នកជាសះស្បើយកើនឡើង ៨១.១៨៨ដល់១០.៧០៦.១៤២នាក់ ។

ទន្ទឹមនឹងនេះដែរ ទីក្រុងម៉ូស្គូ ដែលជាតំបន់រងគ្រោះ ខ្លាំងបំផុតរបស់រុស្ស៊ី បានរាយការណ៍ពីករណីថ្មីចំនួន ១២.៩០២នាក់ ដែលធ្វើឲ្យករណីសរុប របស់វាកើនឡើងដល់ ២.៥២៤.២៣៥នាក់ ។

លោក Alexander Gintsburg នាយកមជ្ឈមណ្ឌលស្រាវជ្រាវជាតិ Gamaleya របស់ប្រទេសរុស្ស៊ី បានឲ្យដឹងកាលពីថ្ងៃចន្ទថា វីរុសបំប្លែងខ្លួនថ្មី Omicron មានប្រហែល ៩៥ភាគរយ នៃករណីនៅក្នុងរដ្ឋធានី ។

យោងតាមទិន្នន័យផ្លូវការ ប្រជាជនរុស្ស៊ីប្រហែល ៨៥លាននាក់ ត្រូវបានចាក់វ៉ាក់សាំង យ៉ាងហោចណាស់មួយវ៉ាក់សាំងកូវីដ-១៩ ហើយជាង ៨០លាននាក់ ក្នុងចំណោមពួកគេត្រូវបាន ចាក់វ៉ាក់សាំងពេញលេញគិតត្រឹមថ្ងៃសុក្រ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top