ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីអ៊ីរ៉ង់៖ ការធ្វើឱ្យមានទំនាក់ទំនង ធម្មតាជាមួយអ៊ីស្រាអែល នឹងបង្កើនបញ្ហាក្នុងតំបន់

តេអេរ៉ង់៖ ប្រធានាធិបតីអ៊ីរ៉ង់លោក Ebrahim Raisi បានលើកឡើងថា ការធ្វើឱ្យមានទំនាក់ទំនងធម្មតារបស់ប្រទេសអារ៉ាប់មួយចំនួនជាមួយអ៊ីស្រាអែល នឹងបង្កើតបញ្ហាបន្ថែមទៀតសម្រាប់តំបន់ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

ប្រធានាធិបតីអ៊ីរ៉ង់  បានធ្វើការកត់សម្គាល់នេះនៅក្នុងជំនួបជាមួយឯកអគ្គរដ្ឋទូតប៉ាឡេស្ទីនថ្មីប្រចាំនៅអ៊ីរ៉ង់ លោកស្រី Salam Zawawi ដើម្បីទទួលបានលិខិតបញ្ជាក់របស់លោកស្រី នេះបើតាមគេហទំព័ររបស់ប្រធានាធិបតីអ៊ីរ៉ង់។

លោក Raisi បានកត់សម្គាល់ថា វិធានការរបស់រដ្ឋអារ៉ាប់មួយចំនួន ដើម្បីបង្កើតទំនាក់ទំនងការទូតជាមួយអ៊ីស្រាអែល នឹងមិនធានាការការពារ និងសន្តិសុខសម្រាប់ពួកគេនោះទេ ហើយផ្ទុយទៅវិញវានឹងបង្កើតបញ្ហាកាន់តែច្រើន សម្រាប់តំបន់ និងប្រទេសអារ៉ាប់។

លោកបានបន្ដថា ការតវ៉ាជាសាធារណៈដោយប្រជាជនប៉ាឡេស្ទីន និងក្រុមទាំងអស់បានបង្ហាញឱ្យឃើញថា “ទង្វើក្បត់ជាតិ” ត្រូវបានច្រានចោល និងថ្កោលទោស។

ដោយសង្កត់ធ្ងន់លើបញ្ហាប៉ាឡេស្ទីន គួរតែជាអាទិភាពកំពូលរបស់ពិភពលោកមូស្លីម ប្រធានាធិបតីអ៊ីរ៉ង់បានបន្ថែមថា អ៊ីរ៉ង់ គឺជាអ្នកគាំទ្រពិតប្រាកដនៃប្រជាជាតិប៉ាឡេស្ទីន និងការរំដោះ Al-Quds ឬជាទីក្រុងដ៏បរិសុទ្ធនៃទីក្រុងយេរ៉ូសាឡឹម។

សម្រាប់ផ្នែករបស់លោកស្រី Zawawi បានប្រមាថដល់រដ្ឋអារ៉ាប់ទាំងនោះថា “ប្រញាប់ប្រញាល់” ដើម្បីធ្វើឱ្យមានទំនាក់ទំនងធម្មតាជាមួយអ៊ីស្រាអែល ដោយលើកឡើងថា ពួកគេបានបែរខ្នងលើបុព្វហេតុប៉ាឡេស្ទីន និងងងឹតភ្នែក ចំពោះសិទ្ធិរបស់ប្រជាជនប៉ាឡេស្ទីន និងដំណោះស្រាយដែលមានស្រាប់នៅក្នុងបញ្ហានេះ៕ដោយ ឈូក បូរ៉ា

To Top