បរទេស៖ ជនស៊ីវិលជាច្រើននាក់ ត្រូវបានសម្លាប់នៅក្នុងការវាយឆ្មក់ តាមអាកាសរបស់របបយោធាមីយ៉ាន់ម៉ា សំដៅលើក្រុមកងកម្លាំង ការពារប្រជាជន (PDF) និងអង្គការប្រដាប់អាវុធ ជនជាតិភាគតិច នៅក្នុងតំបន់ Sagaing, Kayah, Karen និងរដ្ឋ Chin ជាពិសេស។ ភូមិនិងផ្ទះ ក៏ត្រូវបានបំផ្លាញដែរ ក្នុងការវាយប្រហារតាមអាកាស ដែលធ្វើឲ្យមនុស្សរាប់ម៉ឺននាក់ភៀសខ្លួន នៅទូទាំងប្រទេស។
យោងតាមសារព័ត៌មាន The Irrawaddy ចេញផ្សាយនៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២២ បានឱ្យដឹងថា យោងតាមក្រុមតស៊ូនៅទីក្រុង Yangon បានឲ្យដឹងថា ក្រុមអ្នកប្រយុទ្ធទ័ពព្រៃ នៅតាមទីក្រុង បាននិងកំពុងវាយប្រហារផ្ទះ របស់អ្នកបើកយន្តហោះ ដែលពាក់ព័ន្ធនឹងការវាយប្រហារទាំងនោះ ដោយប្រើព័ត៌មានផ្ទាល់ខ្លួន និងអាសយដ្ឋាន ដែលលេចធ្លាយ នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម។
អ្នកនាំពាក្យក្រុមតស៊ូប្រដាប់អាវុធក្រុង Yangon បានប្រាប់ The Irrawaddy «បាទ វាជាការពិតដែល [អ្នកប្រយុទ្ធប្រឆាំង កំពុងវាយប្រហារផ្ទះ របស់មន្ត្រីទ័ពអាកាសមីយ៉ាន់ម៉ា ប៉ុន្តែយើងនៅមិនទាន់ដឹងព័ត៌មានលម្អិត អំពីការខូចខាតដែលបង្កឡើងនោះទេ»។
លោកបានបន្ថែមថា កាលពីថ្ងៃច័ន្ទ ផ្ទះរបស់កាពីទែនកងទ័ពអាកាស Pyae Phyo Kyaw ក្នុងសង្កាត់ South Dagon នៃទីក្រុង Yangon ត្រូវបានវាយប្រហារដោយគ្រាប់បែកដៃ។
យ៉ាងហោចណាស់ មានការវាយប្រហារ ដោយគ្រាប់បែកដៃ ចំនួន៤ផ្សេងទៀត ទៅលើផ្ទះរបស់មន្ត្រីទ័ពអាកាស នៅទីក្រុង Yangon ដែលមានឋានៈជាវរសេនីយ៍ឯក ក្នុងសប្តាហ៍កន្លងទៅ។
កាលពីសប្តាហ៍មុន នៅថ្ងៃទី 3 ខែកុម្ភៈ ការផ្ទុះមួយបានកើតឡើងនៅជិតផ្ទះរបស់លោកវរសេនីយ៍ Aung Myo Kyaw ដែលជាប្រធានស្តីទី នៃមូលដ្ឋានទ័ពអាកាស Mingaladon នៅទីក្រុង Yangon ក្នុងសង្កាត់ North Okkalapa ។ អ្នកស្រុកបានអះអាងថា មន្ត្រីទ័ពអាកាសមួយចំនួន បាននិងកំពុងផ្លាស់ប្តូរផ្ទះដោយសម្ងាត់ ដោយសារតែការវាយប្រហារ។
ប្រជាពលរដ្ឋក្នុងវួដបាននិយាយថា បន្ទាប់ពីការវាយប្រហារ សន្តិសុខត្រូវបានរឹតបន្តឹងនៅក្នុងតំបន់ ដោយមានការបង្កើនការយាមល្បាត និងផ្ទះត្រួតពិនិត្យសម្រាប់ភ្ញៀវ ស្នាក់នៅពេញមួយយប់៕ ប្រែសម្រួលៈ ណៃ តុលា