ប៊ូដាពែស៖ រដ្ឋមន្ត្រីការបរទេស និងពាណិជ្ជកម្មហុងគ្រី លោក Peter Szijjarto បានលើកឡើងថា វ៉ាក់សាំងបង្កាជំងឺកូវីដ-១៩ របស់ប្រទេសរុស្ស៊ី និងចិន មានប្រសិទ្ធភាព និងសុវត្ថិភាព នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
លោក Szijjarto បានឲ្យដឹងនៅក្នុងវីដេអូមួយ ដែលបានបង្ហោះនៅលើទំព័រ Facebook របស់លោកថា “វាច្បាស់ណាស់ថា វ៉ាក់សាំងភាគខាងកើត ដែលប្រើក្នុងប្រទេសហុងគ្រី កំពុងដំណើរការល្អ ពួកគេមានសុវត្ថិភាព និងមានប្រសិទ្ធភាព” ។
លោកបានឲ្យដឹងនៅក្នុងវីដេអូ ដែលត្រូវបានថត នៅអាកាសយានដ្ឋាន Budapest មុនពេលរដ្ឋមន្ត្រីចាកចេញទៅកាន់ទីក្រុង Lyon ប្រទេសបារាំងថា “ដូច្នេះវាដល់ពេល សម្រាប់អង្គការអន្តរជាតិ ដើម្បីធ្វើការសម្រេចចិត្ត ប្រកបដោយវិជ្ជាជីវៈ និងមិនមែនជាការសម្រេចចិត្ត ផ្នែកនយោបាយលើបញ្ហានេះទេ”។
លោក Szijjarto បានណែនាំថា លោកកំពុងសំដៅទៅលើវ៉ាក់សាំង Sputnik V របស់រុស្ស៊ី និងវ៉ាក់សាំង Sinopharm របស់ចិន។ វ៉ាក់សាំងទាំងពីរនេះ ត្រូវបានគេប្រើយ៉ាងទូលំទូលាយ នៅក្នុងប្រទេសហុងគ្រី ប៉ុន្តែនៅតែមិនត្រូវបានទទួលស្គាល់ ដោយរដ្ឋសមាជិកសហភាពអឺរ៉ុប (EU) ជាច្រើនទៀត។
អ្នកការទូតកំពូលហុងគ្រី គ្រោងធ្វើនៅទីក្រុងលីយ៉ុង ដើម្បីចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស និងសុខាភិបាលសហភាពអឺរ៉ុប។ ពួកគេកំពុងប្រមូលផ្តុំគ្នា ដើម្បីពិភាក្សាអំពីការប្រយុទ្ធប្រឆាំង នឹងជំងឺរាតត្បាតជាសកល ដោយផ្តោតជាពិសេស លើការជួយប្រទេសកំពុងអភិវឌ្ឍន៍៕ ដោយ ឈូក បូរ៉ា