ព័ត៌មានអន្តរជាតិ

អ្នកផ្គត់ផ្គង់ គ្រឿងបន្លាស់យន្តហោះថា បានលក់គ្រឿងបន្លាស់ លើសតម្លៃដើម ១០ដង ទៅឱ្យទ័ពអាកាសមីយ៉ាន់ម៉ា

បរទេស៖ នៅពេលដែល Min Aung Hlaing ក្លាយជាមេទ័ពនៅក្នុងឆ្នាំ២០១១ គាត់បានពន្លឿនការធ្វើទំនើបកម្ម នៃកងទ័ពជើងទឹក និងទ័ពអាកាស ដែលជាសកម្មភាពដែលមាន ឥទ្ធិពលរួមគ្នានៃការពង្រឹង ក្រុមអាណានិគមយោធា និងអាជីវកម្មដែលគ្រប់គ្រងដោយ សាច់ញាតិរបស់ឧត្តមសេនីយ៍។

យោងតាមសារព័ត៌មាន The Irrawaddy ចេញផ្សាយនៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២ បានឱ្យដឹងថា អ្នកទទួលផលសំខាន់ម្នាក់គឺលោក U Kyaw Min Oo ដែលជាម្ចាស់ក្រុមហ៊ុន Sky Aviator Co. នៅតែស្ថិតក្នុងវ័យ ៤០ឆ្នាំ គាត់រកលុយបានយ៉ាងច្រើន ក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ ដោយផ្គត់ផ្គង់គ្រឿងបន្លាស់ សម្រាប់យន្តហោះចម្បាំង និងឧទ្ធម្ភាគចក្រ ដែលទិញដោយយោធាមីយ៉ាន់ម៉ាពីរុស្ស៊ី និងអ៊ុយក្រែន។

មន្ត្រីកងទ័ពអាកាសដែលកំពុង កាន់តំណែងបាននិយាយថា “គាត់លក់គ្រឿងបន្លាស់ [ទៅឱ្យកងទ័ពអាកាស] ក្នុងតម្លៃលើសតម្លៃដើម ១០ដង” ។ មន្ត្រីរូបនោះបានបន្ថែមថា មេដឹកនាំយោធាបានបើកឲ្យលក់គ្រឿង បន្លាស់ក្នុងតម្លៃខ្ពស់ជាង។

មុនពេលលោក Min Aung Hlaing ក្លាយជាមេទ័ព លោក U Kyaw Min Oo បានធ្វើការឱ្យក្រុមហ៊ុន Myanmar Avia Export Co. ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Htoo Group of Companies ដែលជាកម្មសិទ្ធិរបស់ឧកញ៉ាធុរកិច្ច U Tay Za ដែលទំនាក់ទំនងជាមួយរបបបច្ចុប្បន្ន និងអតីតកាលរបស់មីយ៉ាន់ម៉ា ត្រូវបានគេដឹងថាមានភាពស៊ីជម្រៅ។

លោក U Tay Za បានផ្គត់ផ្គង់ដល់របបយោធា ពីមុនជាមួយនឹងគ្រឿងបន្លាស់ យន្តហោះតាមរយៈក្រុមហ៊ុន Myanmar Avia Export ដែលជាអ្នកតំណាងផ្តាច់មុខ នៅក្នុងប្រទេសមីយ៉ាន់ម៉ានៃក្រុមហ៊ុន Export Military Industrial Group របស់រុស្ស៊ីដែលត្រូវបានគេស្គាល់ថា MAPO និងរបស់ក្រុមហ៊ុនឧទ្ធម្ភាគចក្រ Rostvertol ៕

ប្រែសម្រួលៈ ណៃ តុលា

To Top