តេអេរ៉ង់៖ ប្រធានាធិបតីអ៊ីរ៉ង់លោក Ebrahim Raisi បានឲ្យដឹងថា ការបញ្ជូនក្រុមដ៏ទូលំទូលាយមួយទៅកិច្ចចរចានៅទីក្រុងវីយែន ស្តីពីការស្ដារឡើងវិញនូវកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ បង្ហាញពីឆន្ទៈដ៏មុតមាំរបស់សាធារណរដ្ឋអ៊ីស្លាមក្នុងការបន្តដំណោះស្រាយការទូត។
លោក Raisi បានធ្វើការកត់សម្គាល់នេះក្នុងអំឡុងពេលជួបជាមួយឯកអគ្គរដ្ឋទូតបរទេសប្រចាំប្រទេសអ៊ីរ៉ង់ ក្នុងឱកាសខួបលើកទី៤៣ នៃបដិវត្តអ៊ីស្លាមអ៊ីរ៉ង់ឆ្នាំ១៩៧៩ នេះបើយោងតាមគេហទំព័ររបស់ប្រធានាធិបតីអ៊ីរ៉ង់។
លោកបានលើកឡើងថា “មនុស្សគ្រប់គ្នាដឹងថាសាធារណរដ្ឋអ៊ីស្លាម មិនដែលចាកចេញពីតុចរចានោះទេ ហើយតែងតែចូលកិច្ចពិភាក្សាជាមួយនឹងការប្តេជ្ញាចិត្ត និងគំនិតផ្តួចផ្តើម”។
លោក Raisi បានបន្ថែមថា ស្ថានភាពបច្ចុប្បន្នទាក់ទងនឹងកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ ដែលត្រូវបានគេស្គាល់ជាផ្លូវការថាជាផែនការសកម្មភាពទូលំទូលាយរួម (JCPOA) គឺជាផលវិបាកនៃការខកខានរបស់សហរដ្ឋអាមេរិក ក្នុងការគោរពការសន្យារបស់ខ្លួន ក្រោមកិច្ចព្រមព្រៀងនិងភាពអសកម្មរបស់ភាគីមួយចំនួន ចំពោះការដាក់ទណ្ឌកម្ម។
ប្រធានាធិបតីអ៊ីរ៉ង់ បានសង្កត់ធ្ងន់ថា ការបន្តវិធីសាស្រ្តការទូតនឹងមានប្រសិទ្ធភាព និងនិរន្តរភាព លុះត្រាភាគីទាំងអស់បង្ហាញការប្តេជ្ញាចិត្តចំពោះខ្លួននៅក្នុងការអនុវត្ត។
លោកបានកត់សម្គាល់ថា អ៊ីរ៉ង់តែងតែលើកឡើងពីសារៈសំខាន់នៃការរួមរស់ដោយសន្តិវិធី និងការបង្កើតទំនាក់ទំនងសមស្រប និងមានតុល្យភាពជាមួយប្រទេសដទៃទៀត ដោយគ្មានការជ្រៀតជ្រែកពីបរទេស ក៏ដូចជាតម្រូវការក្នុងការបន្តការទូតប្រកបដោយថាមពល និងស្ថាបនា ដើម្បីដោះស្រាយបញ្ហាក្នុងតំបន់ និងអន្តរជាតិ៕
ដោយ ឈូក បូរ៉ា