អង់ការ៉ា៖ ទីភ្នាក់ងារពាក់កណ្តាលផ្លូវការ Anadolu បានរាយការណ៍ថា ប្រធានាធិបតីតួកគី លោក Recep Tayyip Erdogan បានធ្វើតេស្តអវិជ្ជមានសម្រាប់ជំងឺកូវីដ-១៩ បន្ទាប់ពីបានឆ្លងវីរុសនេះ កាលពីសប្តាហ៍មុន។
វេជ្ជបណ្ឌិតរបស់លោកឈ្មោះ Serkan Topaloglu ត្រូវបានដកស្រង់សម្តីដោយទីភ្នាក់ងារនេះថា “ការធ្វើតេស្ត PCR របស់ប្រធានាធិបតីលោក Erdogan ដែលយើងបានធ្វើក្នុងរយៈពេលពីរថ្ងៃកន្លងមកនេះ បានត្រឡប់មកអវិជ្ជមានវិញ” ។
លោក Topaloglu បានលើកឡើងថា “ខ្ញុំគិតថាប្រធានាធិបតីរបស់យើងនឹងត្រលប់ទៅកម្មវិធីទម្លាប់របស់លោកវិញក្នុងពេលឆាប់ៗនេះ សូម្បីតែថ្ងៃស្អែក” នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
ប្រធានាធិបតីតួកគី និងស្ត្រីទីមួយលោកទំទាវ Emine Erdogan ស្ថិតក្រោមភាពឯកោចាប់តាំងពីថ្ងៃសៅរ៍ បន្ទាប់ពីពួកគេបានធ្វើតេស្តវិជ្ជមានចំពោះមេរោគអូមីក្រុង កាលពីសប្ដាហ៍មុន។
នៅខែមិថុនា ឆ្នាំ២០២១ លោក Erdogan បានលើកឡើងថា លោកបានទទួលវ៉ាក់សាំងលើកទី៣ របស់លោក។ ប្រទេសតួកគីកាលពីថ្ងៃពុធបានរាយការណ៍ថា មានករណីថ្មីនៃជំងឺកូវីដ-១៩ ជាង ១០ម៉ឺនករណី ហើយមនុស្ស ២៦៦នាក់ទៀតបានស្លាប់ នេះបើយោងតាមក្រសួងសុខាភិបាលរបស់ខ្លួន៕ដោយ ឈូក បូរ៉ា