ព័ត៌មានអន្តរជាតិ

ជប៉ុន អនុម័តឲ្យប្រើប្រាស់ថ្នាំគ្រាប់ របស់ក្រុមហ៊ុន Pfizer សម្រាប់ព្យាបាលជំងឺកូវីដ-១៩ កម្រិតស្រាល 

តូក្យូ៖ ក្រសួងសុខាភិបាលជប៉ុន បានផ្តល់ការអនុម័តលឿន សម្រាប់ការប្រើប្រាស់ថ្នាំគ្រាប់ជំងឺកូវីដ-១៩ តាមមាត់ ដែលបង្កើតឡើងដោយក្រុមហ៊ុន Pfizer Inc. ដោយបង្កើនជម្រើសព្យាបាលសម្រាប់អ្នកដែលមានរោគសញ្ញាស្រាល។

ថ្នាំគ្រាប់ Paxlovid ដែលជាការរួមបញ្ចូលគ្នានៃថ្នាំប្រឆាំងមេរោគពីរគឺ nirmatrelvir និង ritonavir ត្រូវបានកំណត់ឱ្យក្លាយជាថ្នាំផ្ទាល់មាត់ទីពីរសម្រាប់ការឆ្លងមេរោគវីរុសកម្រិតស្រាល ដែលមាននៅក្នុងប្រទេសជប៉ុន ដែលត្រូវបានគេឃើញករណីកើនឡើង ដែលជំរុញដោយទម្រង់ឆ្លងអូមីក្រុង ដែលអាចឆ្លងបានខ្ពស់។

រដ្ឋាភិបាលជប៉ុន បានយល់ព្រមជាមួយក្រុមហ៊ុនឱសថយក្សរបស់សហរដ្ឋអាមេរិក ក្នុងការទិញ ថ្នាំគ្រាប់ Paxlovid សម្រាប់មនុស្ស ២លាននាក់ក្នុងឆ្នាំនេះ ដែលក្នុងនោះថ្នាំគ្រាប់ សម្រាប់មនុស្ស ៤ម៉ឺននាក់ ត្រូវបាននាំចូលរួចហើយ។

រដ្ឋមន្ត្រីសុខាភិបាល Shigeyuki Goto បានប្រាប់អ្នកយកព័ត៌មានថា “យើងនឹងបញ្ជូន (ថ្នាំ) ទៅកាន់ស្ថាប័នវេជ្ជសាស្ត្រនៅព្រឹកថ្ងៃចន្ទ” នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន ។

លោក Goto ក៏បានឲ្យដឹងផងដែរថា រដ្ឋាភិបាលនឹងធ្វើការចែកចាយបន្ថែមនៅចុងខែនេះ។ កាលពីខែធ្នូ ក្រសួងសុខាភិបាល ការងារ និងសុខុមាលភាពជប៉ុន បានអនុម័តថ្នាំគ្រាប់ molnupiravir ដែលបង្កើតឡើងដោយក្រុមហ៊ុនឱសថអាមេរិក Merck & Co.

លោក Goto បានឲ្យដឹងទៀតថា ថ្នាំតាមមាត់ត្រូវបានគេរំពឹងថា នឹងដើរតួយ៉ាងសំខាន់ក្នុងការព្យាបាលរោគសញ្ញាកម្រិតស្រាលនៃជំងឺកូវីដ-១៩។

ថ្លែងបន្ទាប់ពីការពិភាក្សាក្រុមអ្នកជំនាញរបស់ក្រសួងកាលពីថ្ងៃព្រហស្បតិ៍ លោក Goto បានលើកឡើងថា សមាជិករបស់ខ្លួនបានសម្តែងការប្រុងប្រយ័ត្នអំពីថ្នាំ ritonavir ដែលត្រូវបានគេប្រើជាថ្នាំប្រឆាំងនឹងមេរោគអេដស៍ផងដែរ ព្រោះវាមិនអាចត្រូវបានគេប្រើប្រាស់ក្នុងពេលដំណាលគ្នាជាមួយនឹងថ្នាំលើសឈាម និងថ្នាំជាច្រើនប្រភេទទៀតនោះទេ៕ដោយ ឈូក បូរ៉ា

To Top