ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ បញ្ជាក់ថា ខ្លួនមិនដែលដាក់ ក្ដីសង្ឃឹមលើកិច្ចចរចា នុយក្លេអ៊ែរ នៅក្រុង វីយែននោះទេ

តេអេរ៉ង់ ៖ ប្រធានាធិបតីអ៊ីរ៉ង់លោក Ebrahim Raisi បានលើកឡើងថា អ៊ីរ៉ង់មិនដែលកំណត់ក្តីសង្ឃឹមរបស់ខ្លួន លើកិច្ចចរចានៅទីក្រុងវីយែន ដែលមានបំណងស្តារឡើងវិញ នូវកិច្ចព្រមព្រៀង នុយក្លេអ៊ែរឆ្នាំ២០១៥ នោះទេ ដោយកត់សម្គាល់ពីការពឹងផ្អែក របស់ខ្លួនលើប្រជាជន និងសក្តានុពលក្នុងស្រុក។

លោក Raisi បានឲ្យដឹងនៅក្នុងសុន្ទរកថា តាមទូរទស្សន៍ មួយរំលឹកខួបលើកទី៤៣ នៃជ័យជំនះរបស់រដ្ឋាភិបាលថា “ការពឹងលើជនបរទេស ឱ្យធ្វើអ្វីមួយសម្រាប់ពួកយើង បានបង្កឱ្យមានបញ្ហា ។ ជាមួយនឹងការខិតខំប្រឹងប្រែង របស់ប្រជាជនរបស់យើង និងការបម្រើរបស់រដ្ឋាភិបាល ជំហានដ៏អស្ចារ្យនឹងត្រូវធ្វើឡើងឆ្ពោះទៅរកឯករាជ្យភាពសេដ្ឋកិច្ច” ។

លោកបានលើកឡើងថា “ការក្រឡេកមើលទៅលោកខាងលិច បានធ្វើឱ្យប្រទេសមិនមានតុល្យភាព” លោកបានបន្ថែមថា រដ្ឋបាលរបស់លោកកំពុងស្វែង រកគោលនយោបាយ “មានតុល្យភាព” នៅក្នុងទំនាក់ទំនងការបរទេសរបស់ខ្លួន ហើយ “ត្រូវតែយកចិត្តទុកដាក់ ចំពោះប្រទេស ទាំងអស់ ជាពិសេសប្រទេសជិតខាងរបស់យើង” ។

នៅក្រោមកិច្ចព្រមព្រៀង នុយក្លេអ៊ែ ដែលសម្រេចបានក្នុងខែមិថុនា ឆ្នាំ២០១៥ អ៊ីរ៉ង់ បានទទួលយកការរឹតបន្តឹង មួយចំនួនលើកម្មវិធី នុយក្លេអ៊ែរ របស់ខ្លួនជាថ្នូរនឹងការ ដកចេញនូវទណ្ឌកម្ម របស់លោកខាងលិច។

ទោះបីជាយ៉ាងណា ក៏ដោយ អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានដកទី ក្រុងវ៉ាស៊ីនតោន ចេញពីកិច្ចព្រមព្រៀង ជាឯកតោភាគីក្នុងឆ្នាំ២០១៨ ហើយបានដាក់ទណ្ឌកម្មឡើងវិញ ប្រឆាំងនឹងអ៊ីរ៉ង់ ដែលបានសងសឹកដោយទម្លាក់ចោល ការសន្យាមួយចំនួន ។

ចាប់តាំងពីខែមេសា ឆ្នាំ២០២១ ការចរចាជាច្រើនជុំត្រូវបានធ្វើឡើងនៅរដ្ឋធានីវីយែន របស់ប្រទេសអូទ្រីសរវាងប្រទេសអ៊ីរ៉ង់ និងភាគីដែលនៅសេសសល់ នៃកិច្ចព្រមព្រៀងនេះ ដោយសហរដ្ឋអាមេរិក បានចូលរួមដោយប្រយោល ក្នុងគោលបំណង ដើម្បីស្ដារកិច្ចព្រមព្រៀងនុយក្លេអ៊ែរដ៏សំខាន់៕

ដោយ ឈូក បូរ៉ា

To Top