បរទេស៖ សមយុទ្ធនេះគឺជាផ្នែកមួយ នៃល្បែងសង្រ្គាមស៊េរីធំ ដែលប្រកាសដោយកងទ័ពជើងទឹករុស្ស៊ី ក្នុងខែមករានៅទូទាំងតំបន់ជាច្រើន និងមានការចូលរួមពីនាវាចម្បាំងជាង ១៤០ គ្រឿង។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២២ បានឱ្យដឹងថា សេវាកម្មសារព័ត៌មាននៃតំបន់យោធាភាគខាងត្បូងបានប្រកាសថា កប៉ាល់ជាង ៣០គ្រឿងមកពីកងនាវាសមុទ្រខ្មៅរបស់រុស្ស៊ី បានចាកចេញពីកំពង់ផែរបស់ពួកគេនៅ Sevastopol និង Novorossiysk សម្រាប់សមយុទ្ធការពារនៅតំបន់ គ្រីមៀ ។
យោធាបាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយថា “គោលបំណងនៃសមយុទ្ធនេះ គឺដើម្បីការពារឆ្នេរសមុទ្រនៃឧបទ្វីបគ្រីមៀ មូលដ្ឋាននៃកងកម្លាំងនៃកងនាវាចរសមុទ្រខ្មៅ ក៏ដូចជាវត្ថុនៃវិស័យសេដ្ឋកិច្ចរបស់ប្រទេស ទំនាក់ទំនងដែនសមុទ្រ និងតំបន់នៃសកម្មភាពសេដ្ឋកិច្ចដែនសមុទ្រ ពីការគំរាមកំហែងផ្នែកយោធាណាមួយ ដែលនឹងអាចកើតមាន។
នាវាចម្បាំងដែលចូលរួមក្នុងសមយុទ្ធនេះរួមមាន នាវាចម្បាំង នាវាល្បាត និងនាវាបាញ់មីស៊ីលខ្នាតតូច នាវាដែលអាចឱ្យយន្តហោះចុះចត និងនាវាចម្បាំងប្រឆាំងនាវាមុជទឹកខ្នាតតូច ព្រមទាំងនាវាដោះមីនផងដែរ។ កងទ័ពការពារឆ្នេរសមុទ្រ និងអាកាសចរណ៍កងទ័ពជើងទឹករបស់កងនាវាចរ ក៏កំពុងចូលរួមផងដែរ ជាមួយនឹងសមយុទ្ធ ដែលរំពឹងថា នឹងរួមបញ្ចូលការបាញ់កាំភ្លើងធំ និងការវាយប្រហារលើគោលដៅដែលគេរៀបចំនៅសមុទ្រ ឆ្នេរសមុទ្រ និងនៅលើអាកាស៕
ប្រែសម្រួលៈ ណៃ តុលា