ព័ត៌មានអន្តរជាតិ

ទាហានអង់គ្លេសទាំងអស់ នឹងត្រូវចាកចេញ ពីក្នុងប្រទេសអ៊ុយក្រែន នៅចុងសប្តាហ៍នេះ ដោយបារម្ភខ្លាចរុស្ស៊ី វាយលុកចូលប្រទេសនេះ 

បរទេស៖ រដ្ឋមន្ត្រីកងកម្លាំងប្រដាប់អាវុធ របស់ចក្រភពអង់គ្លេស លោក James Heappey បាននិយាយកាលពីថ្ងៃសៅរ៍ថា រដ្ឋាភិបាលទីក្រុងឡុងដ៍ នឹងដកកងទ័ពទាំងអស់ចេញពីប្រទេសអ៊ុយក្រែន ចំពេលមានការភ័យខ្លាចថា រុស្ស៊ីអាចឈ្លានពានប្រទេសជិតខាងរបស់ខ្លួនគឺអ៊ុយក្រែន។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២២ បានឱ្យដឹងថា លោក Heappey បានប្រាប់កម្មវិធី BBC Radio 4’s Today show ថា “ពួកគេ (កងទ័ព) ទាំងអស់នឹងត្រូវដកចេញ, នឹងមិនមានទាហានអង់គ្លេសនៅអ៊ុយក្រែននោះទេ បើមានជម្លោះនៅទីនោះ»។ 

លោក Heappey បានបន្ថែមថា “ពួកគេនឹងចាកចេញនៅចុងសប្តាហ៍” ។ បន្ថែមលើសពីនោះ រដ្ឋមន្ត្រីកងកម្លាំងប្រដាប់អាវុធរបស់ចក្រភពអង់គ្លេសរូបនេះ ក៏បានជំរុញជនជាតិអង់គ្លេសឲ្យចាកចេញពីអ៊ុយក្រែនជាបន្ទាន់ ដោយលើកហេតុផលថា រុស្ស៊ីអាចវាយប្រហារដោយគ្មានការជូនដំណឹង។ 

កាលពីថ្ងៃសុក្រ ចក្រភពអង់គ្លេសបានជំរុញឱ្យជនជាតិរបស់ខ្លួនចាកចេញពីប្រទេស “ខណៈពេលដែលមធ្យោបាយពាណិជ្ជកម្មនៅតែមាន។ លោក Heappey បាននិយាយថា គ្រូបង្ហាត់របស់ចក្រភពអង់គ្លេសកំពុងផ្តល់ការបណ្តុះបណ្តាលស្តីពីការប្រើប្រាស់ប្រព័ន្ធមីស៊ីលប្រឆាំងរថក្រោះ ដែលទីក្រុងឡុងដ៍បានបញ្ជូនទៅកាន់ទីក្រុងគៀវចុងក្រោយ៕

ប្រែសម្រួលៈ ណៃ តុលា

To Top