ព័ត៌មានអន្តរជាតិ

នាវាមុជទឹកថាមពល នុយក្លេអ៊ែរអាមេរិក ត្រូវបានគេរកឃើញនៅក្នុងដែនទឹកកោះ Kuril ខណៈកងនាវាចររុស្ស៊ី កំពុងធ្វើសមយុទ្ធនៅក្នុងតំបន់នោះ

បរទេស៖ កងទ័ពជើងទឹកអាមេរិកបានបដិសេធការចោទប្រកាន់ថា នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរមួយរបស់ខ្លួន បានរំលោភលើដែនទឹករបស់រុស្ស៊ី ចំពេលមានភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយរវាងប្រទេសទាំងពីរកើនឡើង។ កាពីទែនកងទ័ពជើងទឹកអាមេរិក Kyle Raines បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលដកស្រង់ដោយ Reuters កាលពីថ្ងៃសៅរ៍ថា “វាមិនមែនជាការពិតទេចំពោះការអះអាងរបស់រុស្ស៊ីអំពីប្រតិបត្តិការរបស់យើងនៅក្នុងដែនទឹករបស់ពួកគេ” ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២២ បានឱ្យដឹងថា ទោះជាយ៉ាងណាក៏ដោយ ខណៈពេលដែលចេញការបដិសេធកាលពីថ្ងៃសៅរ៍ អ្នកនាំពាក្យបញ្ជាការដ្ឋាននៅឥណ្ឌូប៉ាស៊ីហ្វិករបស់សហរដ្ឋអាមេរិកបានបដិសេធមិនប្រាប់ពីកន្លែងដែលនាវាមុជទឹកអាមេរិកកំពុងប្រតិបត្តិការនោះទេ។ លោក Raines បាននិយាយថា “ខ្ញុំនឹងមិនធ្វើអត្ថាធិប្បាយអំពីទីតាំងច្បាស់លាស់នៃនាវាមុជទឹករបស់យើងទេ ប៉ុន្តែយើងធ្វើការហោះហើរ បើកនាវា និងប្រតិបត្តិការប្រកបដោយសុវត្ថិភាពនៅក្នុងដែនទឹកអន្តរជាតិ”។

សូមជម្រាបថា ក្រសួងការពារជាតិរុស្ស៊ីបាននិយាយកាលពីព្រឹកថ្ងៃសៅរ៍ថា នាវាមុជទឹកវាយប្រហារដោយថាមពលនុយក្លេអ៊ែរ US Virginia-class របស់សហរដ្ឋអាមេរិក ត្រូវបានគេរកឃើញនៅក្នុងដែនទឹកនៃប្រជុំកោះ Kuril ខណៈដែលកងនាវាចរប៉ាស៊ីហ្វិករបស់ទីក្រុងម៉ូស្គូ កំពុងធ្វើសមយុទ្ធនៅក្នុងតំបន់នោះ។ យោធារុស្ស៊ីបាននិយាយថា កប៉ាល់រុស្ស៊ីបានបញ្ជាឱ្យនាវិករបស់នាវាមុជទឹក ឱ្យងើបពីទឹកភ្លាមៗ ប៉ុន្តែពួកគេមិនបានអើពើនឹងសារទាំងនោះឡើយ។ យោងតាមក្រសួងបានឱ្យដឹងថា នាវាពិឃាត Marshal Shaposhnikov ត្រូវបានដាក់ពង្រាយដើម្បីដេញនាវាមុជទឹក ដែលប្រើរ៉ាដាសកម្ម ហើយបានចាកចេញពីតំបន់នោះក្នុងល្បឿនពេញទំហឹង៕ប្រែសម្រួលៈ ណៃ តុលា

To Top