បរទេស៖ យោងតាមការប្រកាស ដោយការិយាល័យ ប្រធានាធិបតី នៅថ្ងៃអង្គារនេះ បានឲ្យដឹងថា ប្រធានាធិបតី នៃប្រទេសអ៊ុយក្រែន លោក Volodymyr Zelensky បានបើកកិច្ចពិភាក្សាគ្នាមួយ ជាមួយនឹង
លោកអធិកាបតីអាល្លឺម៉ង់ Olaf Scholz ដើម្បីដោះដូរយោបល់គ្នា ទៅលើបញ្ហាចំពោះមុខ ដូចជាសន្តិសុខ និងបញ្ហាតាមព្រំដែន របស់អ៊ុយក្រែន។
បន្ទាប់ពីជំនួបគ្នាលោក Zelensky បានចេញមកថ្លែងការណ៍ ប្រាប់ក្រុមអ្នកកាសែត ថាភាគីទាំងពីរ គឺបានពិភាក្សាគ្នា ទៅលើបញ្ហានៃការដំណើរការសន្តិភាព នៅក្នុងប្រទេស និងក៏ដូចជានៅក្រៅប្រទេសអ៊ុយក្រែន ផង ហើយជាពិសេសពិភាក្សា ទៅលើការធានាផ្នែកផ្លូវច្បាប់ ចំពោះអ៊ុយក្រែន ដើម្បីអាចឲ្យខ្លួនអាចការពារខ្លួន ចេញពីហេតុការណ៍ វាយប្រហារណាមួយ។
ជាពិសេសផងដែរលោក Zelensky បានថ្លែងអំពីភាពចាំបាច់ របស់អ៊ុយក្រែន ដើម្បីអាចទទួលបាននូវការធានា ខាងផ្នែកសន្តិសុខ ចំពោះវិស័យថាមពលផងដែរ ខណៈដែលកំពុងមានបញ្ហា ជាមួយនឹងគម្រោងផ្លូវបង្ហូរហ្គាស Nort Stream 2 ជាមួយនឹងរុស្សីនៅឡើយនោះ។
គួរឲ្យដឹងដែរថា អធិកាបតីអាល្លឺម៉ង់ លោក Olaf Scholz បានធ្វើដំណើរមកដល់ទីក្រុង Kiev កាលពីព្រឹកថ្ងៃចន្ទ ដើម្បីបំពេញទស្សនកិច្ច ការងារ នៅអ៊ុយក្រែន ហើយនៅថ្ងៃអង្គារនេះ លោកនឹងបន្តធ្វើដំណើរ ទៅកាន់ទីក្រុងមូស្គូ ប្រទេសរុស្សីផងដែរ ដើម្បីពិភាក្សាគ្នា ទៅលើបញ្ហាតែមួយនេះដដែល៕
ប្រែសម្រួល៖ស៊ុនលី