តេអេរ៉ង់ ៖ ទីភ្នាក់ងារព័ត៌មានផ្លូវការ IRNA បានរាយការណ៍ថា អ្នកនាំពាក្យ ក្រសួងការបរទេសអ៊ីរ៉ង់ បានឲ្យដឹងថា ការដោះដូរអ្នកទោស ជាមួយសហរដ្ឋអាមេរិក កំពុងត្រូវបានពិភាក្សា នៅឯកិច្ចចរចានុយក្លេអ៊ែរ នៅទីក្រុងវីយែន ។
លោក Saeed Khatibzadeh បានប្រាប់សន្និសីទ សារព័ត៌មានប្រចាំសប្តាហ៍ថា “ប៉ុន្តែវាហាក់ដូចជាថា សហរដ្ឋអាមេរិក កំពុងរង់ចាំលទ្ធផល នៃកិច្ចចរចានៅទីក្រុងវីយែន ដើម្បីធ្វើការសម្រេចចិត្ត លើបញ្ហានេះ” ។
លោកបានលើកឡើងថា ប្រទេសអ៊ីរ៉ង់ មិនបានភ្ជាប់បញ្ហានេះទៅនឹងលទ្ធផលនៃការចរចា នុយក្លេអ៊ែរ នោះទេ ដោយលោកបានបន្ថែមថា ការដោះដូរអ្នកទោស ត្រូវបានលើកឡើងជាអាទិភាព ស្របជាមួយនឹងប្រធានបទផ្សេងទៀត នៅទីក្រុងវីយែន កាលពីប៉ុន្មានខែមុន។
នៅក្នុងនោះដែរ អ្នកនាំពាក្យអ៊ីរ៉ង់ បានកត់សម្គាល់ថា បញ្ហាដោះដូរអ្នកទោសអាចត្រូវបានដោះស្រាយ តាមរយៈវិធីឯករាជ្យ និងដាច់ដោយឡែក ពីកិច្ចពិភាក្សានៅក្នុងទីក្រុងវីយែន ៕
ដោយ ឈូក បូរ៉ា