បរទេស៖ ដោយរុស្ស៊ីបានប្រកាសថា កងទ័ពរបស់ខ្លួនកំពុងដកចេញ បន្ទាប់ពីបញ្ចប់សមយុទ្ធនៅជិតព្រំដែនជាមួយអ៊ុយក្រែនមកនោះ រដ្ឋាភិបាលទីក្រុងមូស្គូបានទទូចថា ការព្យាករណ៍ដែលខ្លួនអាចបញ្ជាឱ្យមានការលុកលុយអ៊ុយក្រែនភ្លាមៗនោះ គឺ ត្រូវបានបង្ហាញថា មិនពិត ឡើយ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២ បានឱ្យដឹងថា នៅក្នុងសេចក្តីថ្លែងការណ៍ដ៏ក្ដៅគគុកមួយកាលពីថ្ងៃអង្គារ អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី គឺលោកស្រី Maria Zakharova បាននិយាយមើលងាយចំពោះរបាយការណ៍ដែលចេញផ្សាយជាច្រើនសប្តាហ៍ និងការអះអាងពីសំណាក់មន្ត្រីអាមេរិក និងអឺរ៉ុបថា កងកម្លាំងប្រដាប់អាវុធរបស់ទីក្រុងមូស្គូ អាចបើកការវាយប្រហារប្រឆាំងនឹងអ្នកជិតខាងរបស់ខ្លួន ត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះ។
លោកស្រី Maria Zakharova បានសរសេរថា «ថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ ២០២២ នឹងត្រូវកត់ត្រាក្នុងប្រវត្តិសាស្ត្រ ជាថ្ងៃដែលការឃោសនាសង្រ្គាមលោកខាងលិច ត្រូវបរាជ័យ”។ យោងទៅតាមលោកស្រី គឺ បស្ចិមប្រទេស ត្រូវ “ខ្មាស់គេ និងបានបំផ្លិចបំផ្លាញ ដោយមិនបាញ់សូម្បីមួយគ្រាប់”។
ក្នុងពេលជាមួយគ្នានោះ ក្រសួងការពារជាតិរបស់ទីក្រុងមូស្គូបានប្រកាសថា ទាហានរុស្ស៊ីមួយចំនួនបានបញ្ចប់ការហ្វឹកហ្វឺនរបស់ពួកគេនៅក្នុងប្រទេសបេឡារុស នៅជិតព្រំដែនអ៊ុយក្រែន ហើយនឹងចាប់ផ្តើមដំណើរការដកទ័ពចេញវិញផងដែរ៕
ប្រែសម្រួលៈ ណៃ តុលា