ព័ត៌មានអន្តរជាតិ

ខណៈពេលដែលប្រទេសចិន ខិតខំប្រឹងប្រែងពង្រឹង សាមគ្គីភាព កិច្ចសហប្រតិបត្តិការ និងសន្តិភាពពិភពលោក សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តបែរជា ខិតខំដុតបញ្ឆេះភ្លើងកំហឹង និងសម្អប់

ពិធីបើកសម្ពោធផ្លូវការនៃការប្រកួតកីឡាអូឡាំពិករដូវរងានៅទីក្រុងប៉េកាំង​កាលពីថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២២ ត្រូវបានប្រាព្ធធ្វើឡើង​ដោយជោគជ័យ ហើយរហូតមកដល់​ពេលនេះ​ការប្រកួតប្រជែងលើវិញ្ញាសាកីឡានានា កំពុងប្រព្រឹត្តទៅដោយរលូន។ ទាំងនេះ​គឺជា​ភ័ស្តុតាង​ដែលបង្ហាញយ៉ាងច្បាស់ថា ការធ្វើពហិកានយោបាយ​ដែលដឹកនាំដោយសហរដ្ឋ​អាមេរិក មិនទទួលបានជោគជ័យតាមបំណងប្រាថ្នារបស់ខ្លួន​ នោះឡើយ។​

មេដឹកនាំនៃប្រទេសជាច្រើនមកពីជុំវិញពិភពលោកបានចូលរួមពិធីបើកសម្ពោធផ្លូវការនេះ ហើយពួកគេបានសម្ដែងសេចក្ដីអបអរ និងកោតសរសើរ​ចំពោះ​ ការរៀបចំពិធីបើកសម្ពោធ ​ដ៏ល្អ​វិសេសវិសាលនេះ។ នៅក្រោយពេលពិធីបើកសម្ពោធ លោកប្រធានា​ធិបតីចិន ស៊ី ជិនពីង បានរៀបចំពិធីលៀងសាយភោជន៍​មួយ ​ដើម្បីស្វាគមន៍ និងសម្ដែងអំណរគុណ​ចំពោះ​មេដឹកនាំនៃប្រទេសនានាដែលបានគាំទ្រ ​និងអញ្ចើញចូលរួម​ពិធីបើកសម្ពោធផ្លូវការ​នៃការ​ប្រកួត​​​កីឡាអូឡាំពិករដូវ​រងាឆ្នាំ២០២២នេះ។

ការជួបពិភាក្សារវាងមេដឹកនាំចិន ជាមួយមេដឹកនាំនៃប្រទេសនានា ក្នុងឱកាស​នៃការប្រកួតកីឡាអូឡាពិករដូវរងានេះ សបង្ហាញថា ព្រឹត្តិការណ៍ប្រកួតកីឡាអូឡាំពិក មិនត្រឹមតែជា​ព្រឹត្តិការណ៍កីឡាតែប៉ុណ្ណោះទេ តែថែមទាំងជាវេទិកា​ដ៏សំខាន់មួយ​សម្រាប់​ពង្រឹង​លើកកម្ពស់​យន្តការពហុភាគីនិយមផងដែរ ហើយការជួបជុំនេះក៏ជាការបញ្ជូនសារ​ទៅកាន់​ពិភពលោក​ថាប្រទេសចិនមានមិត្តភក្ដិជាច្រើន មាន​ទឹកចិត្តបើកចំហ​ មានឆន្ទៈ​អនុវត្ត​កិច្ចសហប្រតិបត្តិការ​យ៉ាងជិតស្និទ្ធ​ជាមួយ​ប្រទេសនានានៅជុំវិញពិភពលោក​ ដោយស្មើភាព ដោយពុំមាន​ការរើសអើង ក្នុងគោលបំណងពង្រឹងសន្តិភាព​ពិភពលោក ដោយកាត់បន្ថយ​និងលុបបំបាត់​ការប្រឈម​មុខ​​ដាក់គ្នា​និងអរិភាពទាំងឡាយ ដើម្បីកសាងអនាគតមួយ​ដែលកាន់តែប្រសើរ​​សម្រាប់​មនុស្សជាតិ។

នៅពេលថ្លែងនៅក្នុងពិធីលៀងសាយភោជន៍នោះ លោកប្រធានាធិបតីចិន ស៊ី ជិនពីង បានបញ្ជាក់នូវជំហរដ៏មុតមាំរបស់ប្រទេសចិនក្នុងការពង្រឹងលើកកម្ពស់ស្មារតីរួម​របស់ចលនា​អូឡាំពិក ពង្រឹងសាមគ្គីភាព​និងកិច្ចសហប្រតិបត្តិការនៅលើឆាកអន្តរជាតិ ​ដើម្បីពង្រឹង​សន្តិភាព​របស់​ពិភពលោក។ ទន្ទឹមគ្នានោះ លោកប្រធានាធិបតី ស៊ី ជិនពីង បានអំពាវនាវ​ឲ្យប្រទេសទាំងអស់ប្រកាន់ខ្ជាប់នូវគោលការណ៍គោរពគ្នាទៅវិញ​ទៅមក​ដោយស្មើភាព និង​អនុវត្តកិច្ចសហប្រតិបត្តិការជិតស្និទ្ធ​ជាមួយគ្នាទៅវិញទៅមក ដើម្បីកសាងសន្តិភាព​ស្ថិតស្ថេរ​​សម្រាប់ពិភពលោក។ មេដឹកនាំ​ចិនរូបនេះ ក៏បាននិយាយសង្កត់ធ្ងន់ថា ​យន្តការ​ពហុភាគី​និយម​​ពិតប្រាកដមួយ ពិតជាមានសារៈសំខាន់ចំពោះការពង្រឹងកិច្ចសហប្រតិបត្តិការ​ស្អិតរមួត ក្នុងចំណោមប្រទេសទាំងអស់ ដើម្បីកសាងគ្រួសារអន្តរជាតិមួយ​ប្រកបដោយសុខដុម។

ខណៈពេលដែលប្រទេសចិនកំពុងខិតខំប្រឹងប្រែងពង្រឹងកិច្ចសហប្រតិបត្តិការ និងសាមគ្គី​ភាព​នៅក្នុងចំណោមប្រទេសនានាដើម្បីពង្រឹងសន្តិភាពពិភពលោក ក្រុមប្រទេសដែលមាន​សមាជិក​ចំនួនបួនដែលដឹកនាំដោយសហរដ្ឋអាមេរិក ដែលត្រូវគេហៅថា QUAD បានរៀបចំ​កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសរបស់ខ្លួននៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២ នៅក្នុង​ប្រទេសអូស្រ្តាលី ដោយគោលបំណងសំខាន់នៃកិច្ចប្រជុំនេះ គឺស្វែងរកវិធីសាស្រ្ត​ដើម្បីរាំងខ្ទប់​និងហ៊ុមព័ទ្ធ​ប្រទេសចិន ហើយលេសដែលពួកគេប្រើប្រាស់​ដើម្បីការពារ​ទង្វើបង្កហេតុ​របស់ពួកគេ និង​ដើម្បីទាក់ទាញប្រទេសនានាឲ្យចូលរួមជាមួយពួកគេ គឺ​ចោទប្រកាន់ថា​ ប្រទេសចិន​មានឥរិយាបថ​កោងកាច និងជាគ្រោះគម្រាមកំហែងសម្រាប់ប្រទេស​នានា​នៅក្នុងតំបន់។​ បន្ថែមទៅលើ ក្រុមចតុភាគី QUARD សហរដ្ឋអាមេរិក​ក៏បានផ្ដួចផ្ដើម​បង្កើតក្រុម​សម្ព័ន្ធមិត្ត​ដែលមានប្រទេសបីចូលរួម ដែលត្រូវគេហៅថា AUKUS ក្នុងគោលបំណងហ៊ុមព័ទ្ធ​ប្រទេសចិនផងដែរ។ ជានិច្ចកាល ​ប្រទេសចិនតែងតែប្រកាស​បដិសេធ​ការចោទប្រកាន់​ដែលមិនសមហេតុផល​បែបនេះ និងបង្ហាញនូវឆន្ទៈពិតប្រាកដរបស់ខ្លួន ក្នុងការរស់នៅ​ដោយ​សុខដុម និងដោយ​សន្តិភាព ជាមួយ​ប្រទេសទាំងអស់ ទាំងនៅក្នុងតំបន់ និងនៅទូទាំង​ពិភពលោក។ និយាយ​ម្យ៉ាងទៀត ប្រទេសចិន មិនមានគោលនយោបាយចាត់ទុក​ប្រទេសណាមួយ​ជាសត្រូវ​នោះឡើយ។ ក៏ប៉ុន្តែ ម្ដងហើយម្ដងទៀត សហរដ្ឋអាមេរិក​និងសម្ព័ន្ធមិត្ត​របស់ខ្លួន តែងតែ​ធ្វើការចោទប្រកាន់ដោយបំភ្លៃបែបនោះ ដើម្បីបំភ័យ​បន្លាច​និងដុតបញ្ឆេះភ្លើងកំហឹង​និងសម្អប់​របស់ប្រទេសនានា​នៅក្នុងតំបន់ចំពោះប្រទេសចិន ក្នុងគោល​បំណង​កៀរគរ​ប្រទេសទាំងនោះ​ឲ្យចូលរួមជាមួយពួកគេ​ធ្វើការប្រឆាំង​ និងហ៊ុមព័ទ្ធ​ប្រទេសចិន ដើម្បីសម្រេច​មហិច្ឆតាវាតទី​ពង្រីក​ឥទ្ធិពលរបស់ខ្លួន។​

វិធីសាស្រ្តនេះ ក៏កំពុងត្រូវប្រើប្រាស់ដោយសហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តរបស់ខ្លួននៅក្នុង​អង្គការណាតូ ប្រឆាំងនឹងរុស្ស៊ីផងដែរ។​ ក្នុងរយៈពេលប៉ុន្មានខែកន្លងទៅនេះ សហរដ្ឋអាមេរិក​ បានព្យាយាមទូងស្គរសង្គ្រាមនៅអ៊ុយក្រែន និងបំភ័យបន្លាច និងដុតបញ្ឆេះកំហឹងនិងសម្អប់​របស់ប្រទេសនានា​នៅទ្វីប​អឺរ៉ុប ដោយធើ្វការ​ចោទប្រកាន់ថា ប្រទេសរុស្ស៊ីនឹងធ្វើការវាយលុក​កាន់កាប់ប្រទេសអ៊ុយក្រែន​ក្នុងពេលឆាប់ៗនេះ។​ ក៏ប៉ុន្តែប្រទេសរុស្ស៊ីបានបដិសេធ​ការចោទ​ប្រកាន់នោះ និងបានអះអាង​ថាព័ត៌មានបែបនោះគឺជាព័ត៌មានប្រឌិតបំផ្លើស ដើម្បីវាយប្រហារ​ប្រទេសរុស្ស៊ី និងដើម្បី​អូសទាញ​​ប្រទេសនានានៅក្នុងទ្វីបអឺរ៉ុបឲ្យចូលមកនៅ​ក្រោមឥទ្ធិពល​របស់សហរដ្ឋអាមេរិកតែប៉ុណ្ណោះ។ ដើម្បីទាត់ចោល​នូវការចោទប្រកាន់បែបនេះ នាពេលថ្មីៗ​នេះ​ ប្រទេសរុស្ស៊ីបានដកកងទ័ព​របស់ខ្លួន​ដែលត្រូវបាន​ប្រមូលផ្ដុំដើម្បីធ្វើសមយុទ្ធយោធា ចេញពី​តំបន់ក្បែរព្រំដែនជាមួយ​ប្រទេសអ៊ុយក្រែន ត្រឡប់ទៅកាន់​មូលដ្ឋានដើម​របស់ខ្លួន​វិញ។

ក៏ប៉ុន្តែសហរដ្ឋអាមេរិក​នៅតែបន្តធ្វើ​ការចោទប្រកាន់​ ដោយសម្ដែងនូវមន្ទិលសង្ស័យ​អំពី​ការដក​កងទ័ព​របស់ប្រទេស​រុស្ស៊ី។

បើយើងពិនិត្យមើលជារួម សហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តរបស់ខ្លួន កំពុងប្រើប្រាស់​វិធីសាស្រ្ត​​បំភ័យបន្លាច និងដុតបញ្ឆេះ​ភ្លើងកំហឹង​និងសម្អប់ នៅគ្រប់ទីកន្លែងក្នុងពិភពលោក ដើម្បីបម្រើ​មហិច្ឆតាវាតទីពង្រីកឥទ្ធិពលរបស់ខ្លួន។ គោលការណ៍គោរពគ្នា​ទៅវិញ​ទៅមក​ដោយស្មើភាព គោលការណ៍ធ្វើសហប្រតិបត្តិការ​ដោយស្មើភាពដែលផ្ដល់​ផលប្រយោជន៍​​​ទៅវិញទៅមក និងយន្តការពហុភាគីនិយម នៅក្នុងទំនាក់ទំនងអន្តរជាតិ មិនស្ថិតនៅក្នុង​បេះដូងរបស់ពួកគេនោះឡើយ។ ដើម្បីសម្រេចមហិច្ឆតារបស់ខ្លួន ពួកគេមិនញញើតនឹង​ប្រើប្រាស់​វិធីសាស្រ្ត​ដុតបញ្ឆេះ​ភ្លើង​កំហឹង​និងសម្អប់ក្នុងគោលបំណងបំបែកបំបាក់​ដើម្បីត្រួត​ត្រា​នោះឡើយ​។ ទង្វើបែបនេះ​ គឺផ្ទុយស្រឡះទៅនឹងវោហាសាស្រ្តដ៏ពិរោះរបស់ពួកគេ​ដែលជារឿយៗ​ពួកគេ​អះអាង​ថាពួកគេគឺជាអ្នកស្រឡាញ់សន្តិភាពនិងកិច្ចសហប្រតិបត្តិការ។

To Top