បរទេស៖ ការទស្សន៍ទាយបរាជ័យដែលថា រុស្ស៊ីនឹងឈ្លានពានអ៊ុយក្រែននៅថ្ងៃទី ១៦ ខែកុម្ភៈគឺមិនប្រាកដនិយម ហើយកាលបរិច្ឆេទសំខាន់ដែលត្រូវផ្តោតលើគឺថ្ងៃទី២០ ខែកុម្ភៈ ទៅវិញនោះទេ, អ្នកវិភាគនយោបាយអាមេរិកបានអះអាងដោយបន្ទោសថា ការ “ឃោសនាបំផ្លើស” បានបណ្តាលឱ្យមន្ត្រីអាមេរិកផ្តោតលើកាលបរិច្ឆេទនៃការឈ្លានពានខុស។
យោងសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២ បានឱ្យដឹងថា កាលពីដើមខែនេះ ប្រព័ន្ធផ្សព្វផ្សាយលោកខាងលិចជាច្រើនបានអះអាងថា រុស្ស៊ីគ្រោងនឹងឈ្លានពានអ៊ុយក្រែននៅព្រឹកព្រលឹមថ្ងៃពុធ ដោយបានដកស្រង់អំពីការអះអាងរបស់មន្ត្រីអនាមិកដែលថា ប្រធានាធិបតីអាមេរិកលោក Joe Biden បានព្រមានសមាជិកនៃប្លុកណាតូថា ការលុកលុយជិតមកដល់។ កាលបរិច្ឆេទនេះបានកន្លងផុតទៅដោយគ្មានព្រឹត្តិការណ៍អ្វីកើតឡើងទាល់តែសោះ។
ទោះយ៉ាងណាក៏ដោយ យោងតាមអ្នកវិភាគដែលបាននិយាយទៅកាន់សារព័ត៌មាន Politico ការគិតមមៃជុំវិញថ្ងៃទី១៦ ខែកុម្ភៈ “បានបង្វែរការយកចិត្តទុកដាក់ពីកាលបរិច្ឆេទសំខាន់ៗជាក់ស្តែង” ។ ពួកគេបានអះអាងថា ពេលវេលាពិតប្រាកដដើម្បីផ្តោតលើចាប់ផ្តើមនៅថ្ងៃអាទិត្យ ទី២០ ខែកុម្ភៈ ។
លោក Michael Kofman អ្នកជំនាញខាងយោធានៅ American think tank CNA ដែលជាអង្គការដែលធ្វើការដោយផ្ទាល់ជាមួយរដ្ឋាភិបាលសហរដ្ឋអាមេរិក និងទីភ្នាក់ងារជាច្រើនបាននិយាយថា “បន្ទាប់ពីថ្ងៃទី ២០ ខែកុម្ភៈ តែងតែជាពេលវេលាដ៏សំខាន់បំផុត” ។
ថ្ងៃទី២០ ខែកុម្ភៈ គឺជាថ្ងៃបញ្ចប់ដែលបានគ្រោងទុកនៃសមយុទ្ធហ្វឹកហ្វឺនយោធារួមរុស្ស៊ី និងបេឡារុស្ស ដែលបាននិងកំពុងប្រព្រឹត្តទៅក្នុងខែនេះ នៅលើទឹកដីនៃប្រទេសបេឡារុស ជិតព្រំដែនអ៊ុយក្រែន។ ថ្ងៃនេះក៏ជាថ្ងៃចុងក្រោយនៃកីឡាអូឡាំពិករដូវរងានៅទីក្រុងប៉េកាំង ក៏ដូចជាសម័យចុងក្រោយនៃសន្និសិទសន្តិសុខទីក្រុង Munich ដែលរុស្ស៊ីកាលពីសប្តាហ៍មុនបាននិយាយថា ខ្លួនមិនមានគម្រោងចូលរួមជាផ្លូវការនោះទេ។
យោងតាមលោក Kofman ការបញ្ចប់នៃសមយុទ្ធទាំងនេះ ដែលត្រូវបានគេដាក់ឈ្មោះថា ‘Union Resolve’ នឹងក្លាយជាតម្រុយកាន់តែប្រសើរឡើងនៃចេតនាយោធារបស់វិមានក្រឹមឡាំង។ ប្រសិនបើទាហាន និងឧបករណ៍សឹកយោធានៅជាប់ព្រំដែន វាអាចបង្ហាញពីផែនការដ៏មានសក្តានុពលក្នុងការឈ្លានពានអ៊ុយក្រែន៕ប្រែសម្រួលៈ ណៃ តុលា