បរទេស៖ កប៉ាល់ដឹកទំនិញដ៏ធំសម្បើមមួយដែលត្រូវបានគេជឿថា បានដឹករថយន្តរាប់ពាន់គ្រឿង រួមទាំងរថយន្ត Porsches ចំនួន ១ ១០០គ្រឿងផងដែរ ត្រូវបានឆេះ និងរសាត់ចេញពីឆ្នេរសមុទ្រ Azores កាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីសមាជិកនាវិក ២២ នាក់ត្រូវបានជួយសង្គ្រោះចេញពីនាវា។
យោងតាមសារព័ត៌មាន The New York Times ចេញផ្សាយនៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២២ បានឱ្យដឹងថា អគ្គីភ័យបានឆាបឆេះកាលពីព្រឹកថ្ងៃពុធ នៅក្នុងឃ្លាំងផ្ទុកទំនិញរបស់កប៉ាល់ដែលមានឈ្មោះថា Felicity Ace ដែលបានចាកចេញពីទីក្រុង Emden ប្រទេសអាល្លឺម៉ង់ កាលពីថ្ងៃទី ១០ ខែកុម្ភៈ ហើយគ្រោងនឹងមកដល់កំពង់ផែ Davisville, RI នៅថ្ងៃពុធ។ នេះបើយោងតាមគេហទំព័រតាមដានកប៉ាល់។
កប៉ាល់នេះស្ថិតនៅចម្ងាយប្រហែល ២០០ ម៉ាយពីកោះ Terceira ក្នុង Azores ដែលជាទឹកដីកោះព័រទុយហ្គាល់ នៅពេលដែលកងកម្លាំងព័រទុយហ្គាល់បានចល័តចូលកាលពីថ្ងៃពុធដើម្បីជម្លៀសនាវិក។
យោងតាមអាជ្ញាធរបានឱ្យដឹងថា គ្មានអ្នកជួយសង្គ្រោះ ឬសមាជិកនាវិកណាម្នាក់រងរបួស នៅក្នុងប្រតិបត្តិការដែលមាន “ជំនាញ និងកាយសម្បទា ខ្ពស់” ដែលរួមមានឧទ្ធម្ភាគចក្រដែលបានបញ្ជូនសមាជិកនាវិកទៅកាន់កោះ Faial របស់ព័រទុយហ្គាល់ដែលនៅជិតនោះ ៕