ព័ត៌មានអន្តរជាតិ

វិទ្យាស្ថានសិក្សាសង្គ្រាម ព្រមានថា រុស្ស៊ីអាចនឹងវាយប្រហារអ៊ុយក្រែន

បរទេស៖ ប្រទេស រុស្ស៊ីអាចនឹងវាយប្រហារអ៊ុយក្រែននៅថ្ងៃសៅរ៍ ដោយចាប់ផ្តើមជាមួយនឹងការវាយប្រហារបែប “ដកមេដឹកនាំ” ប្រឆាំងនឹងរដ្ឋាភិបាលក្នុងទីក្រុងគៀវ មុនពេលមានការលុកលុយពេញមួយកម្រិត នេះបើតាមការព្រមានពីវិទ្យាស្ថានសិក្សាសង្គ្រាម (ISW) ដែលជាក្រុមអ្នកគិតគូរនៅទីក្រុងវ៉ាស៊ីនតោនឌីស៊ី។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២២ បានឱ្យដឹងថា លោក Fred Kagan និង Mason Clark មកពី ISW បាននិយាយនៅក្នុងព្រឹត្តិបត្របន្ទាន់មួយនៅល្ងាចថ្ងៃសុក្រថា “ការវាយប្រហារទំនងជានឹងចាប់ផ្តើមជាមួយនឹងយុទ្ធនាការផ្លូវអាកាស និងមីស៊ីលដែលផ្តោតលើអ៊ុយក្រែន ដើម្បីផ្តាច់រដ្ឋាភិបាល និងធ្វើឱ្យចុះខ្សោយដល់យោធាអ៊ុយក្រែន ក៏ដូចជាសមត្ថភាពរបស់ពលរដ្ឋអ៊ុយក្រែនក្នុងការត្រៀមខ្លួនទប់ទល់នឹងការឈ្លានពានរបស់រុស្ស៊ីជាបន្តបន្ទាប់” ។

ជាហេតុផលចម្បងដែលពួកគេជឿថាថ្ងៃសៅរ៍នឹងក្លាយជាកាលបរិច្ឆេទ “ល្អបំផុត” សម្រាប់ការវាយប្រហារនោះ Kagan និង Clark បានលើកឡើងពីការធ្វើដំណើរដែលបានគ្រោងទុករបស់ប្រធានាធិបតីអ៊ុយក្រែន Volodymir Zelensky ទៅកាន់សន្និសិទសន្តិសុខទីក្រុង Munich ដែលគាត់គ្រោងនឹងនិយាយនៅរសៀលថ្ងៃសៅរ៍។

អវត្តមានរបស់ប្រធានាធិបតីអ៊ុយក្រែន Zelensky “នឹងធ្វើឱ្យសមត្ថភាពរបស់គាត់ចុះខ្សោយ ក្នុងការសម្របសម្រួល ការឆ្លើយតបចំពោះ ការវាយប្រហារណាមួយរបស់រុស្ស៊ី និងបង្កើតកាលៈទេសៈ ដ៏គួរឱ្យទាក់ទាញបន្ថែមទៀត សម្រាប់ការប៉ុនប៉ង ដែលឧបត្ថម្ភដោយរុស្ស៊ី នៅក្នុងការធ្វើរដ្ឋប្រហារ” ៕

ប្រែសម្រួលៈ ណៃ តុលា

To Top