ព័ត៌មានអន្តរជាតិ

អ៊ុយក្រែន ចាំបាច់ត្រូវធ្វើការសន្ទនា ជាមួយទីក្រុងដុនបាស ដើម្បីស្ដារសន្ដិភាពឡើងវិញ

គៀវ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានឲ្យដឹងក្នុងអំឡុង សន្និសីទខ្លីមួយ បន្ទាប់ពីកិច្ចពិភាក្សាជាមួយ ប្រធានាធិបតីបេឡារុស្ស លោក Alexander Lukashenko នៅទីក្រុងមូស្គូ កាលពីថ្ងៃសុក្រថា អាជ្ញាធរក្រុងគៀវ ត្រូវធ្វើកិច្ចសន្ទនា ជាមួយអ្នកតំណាង មកពីទីក្រុងដុនបាស ដើម្បីស្ដារសន្តិភាពក្នុងប្រទេសអ៊ុយក្រែន។

លោកពូទីនបានលើកឡើងថា “ប្រធានាធិបតីបេឡារុស្ស និងខ្ញុំបានព្រមព្រៀងគ្នាថា គន្លឹះក្នុងការស្តារសន្តិភាពស៊ីវិលនៅអ៊ុយក្រែន គឺការអនុវត្តកិច្ចព្រមព្រៀងមីនស៍” នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ។

លោកបានបន្ថែមថា “អ្វីដែលទីក្រុងគៀវ ត្រូវធ្វើគឺអង្គុយនៅតុចរចាជាមួយតំណាងរបស់ទីក្រុងដុនបាស ហើយយល់ព្រមលើវិធានការនយោបាយ យោធា សេដ្ឋកិច្ច និងមនុស្សធម៌ ដើម្បីបញ្ចប់ជម្លោះ” លោកបានចង្អុលបង្ហាញថា មានភាពតានតឹងកាន់តែខ្លាំងឡើងនៅក្នុងតំបន់។

ផ្ទាំងពាណិជ្ជកម្ម

លោក Lukashenko បានលើកឡើងជារួមថា បេឡារុស្ស និងរុស្ស៊ី នឹងធ្វើការរួមគ្នា លើការការពារព្រំដែនរបស់ពួកគេ ចំពេលមានភាពតានតឹងកើនឡើង និងការកើនឡើងនៃលំហូរអាវុធ ទៅកាន់អ៊ុយក្រែន។

លោក Lukashenko បានបន្ដថា “ការធ្វើសមយុទ្ធយោធា គឺជាការសម្រេចចិត្ត ទូទៅរបស់យើង ដែលត្រូវបានកំណត់ ដោយស្ថានភាព ហើយយើងកំពុងធ្វើសមយុទ្ធនេះ ប្រកបដោយតម្លាភាព តាមដែលអាចធ្វើទៅបាន នៅលើទឹកដីរបស់យើង”៕

ដោយ ឈូក បូរ៉ា

To Top