បរទេស៖ តុលាការរបបយោធា នៅក្នុងប្រទេសមីយ៉ាន់ម៉ា បានកាត់ទោសនាយករដ្ឋមន្ត្រី (ប្រមុខរដ្ឋាភិបាល នៅក្នុងរដ្ឋ) របស់តំបន់ Bago ដែលត្រូវបានបណ្តេញចេញ ពីតំណែង គឺលោក U Win Thein ឱ្យជាប់ពន្ធនាគារ រយៈពេល ២០ឆ្នាំ ដោយចោទប្រកាន់ ពីបទពុករលួយ។
យោងតាមសារព័ត៌មាន The Irrawaddy ចេញផ្សាយកាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២២ បានឱ្យដឹងថា សេចក្តីថ្លែងការណ៍មួយនៅក្នុងកាសែតដែលគ្រប់គ្រងដោយរបបយោធាកាលពីថ្ងៃសុក្រ បានផ្សាយថា នាយករដ្ឋមន្រ្ដីមកពីគណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ (NLD) ដែលត្រូវបានឃុំខ្លួនក្នុងអំឡុងពេលរដ្ឋប្រហារកាលពីឆ្នាំមុន ត្រូវបានរកឃើញថា មានពិរុទ្ធលើការចោទប្រកាន់ទាំង ៧ដែលគាត់បានប្រឈម។
របបយោធាបានចោទប្រកាន់លោក U Win Thein ពីបទប្រើប្រាស់ថវិការដ្ឋខុស ស៊ីសំណូក និងបំពាននីតិវិធីហិរញ្ញវត្ថុក្នុងការគ្រប់គ្រងការអភិវឌ្ឍន៍ក្នុងតំបន់ និងការពារជំងឺកូវីដ-១៩ ក្រោមច្បាប់ប្រឆាំងអំពើពុករលួយ។
កាសែតនេះបានរាយការណ៍ថា កាលពីថ្ងៃព្រហស្បតិ៍ តុលាការកំពូលប្រចាំតំបន់ Bago បានកាត់ទោសលោកដាក់ពន្ធនាគារចំនួន ២០ ឆ្នាំសម្រាប់ករណីទាំងអស់។
ក្នុងចំណោមនាយករដ្ឋមន្រ្តីនៅតំបន់ និងរដ្ឋចំនួន ១៤ ដែលត្រូវបានតែងតាំងដោយរដ្ឋាភិបាលមកពីគណបក្ស NLD គឺ មានចំនួន ១៣នាក់ត្រូវបានឃុំខ្លួននៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ ២០២១ ហើយនៅតែស្ថិតក្នុង ការឃុំឃាំង ដោយយោធា ពន្ធនាគារ ឬក្រោមការឃុំខ្លួនក្នុងផ្ទះ។ ប្រមុខរដ្ឋ Chin ត្រូវបានគេរាយការណ៍ថា បានភៀសខ្លួនឆ្លងព្រំដែន ចូលប្រទេសឥណ្ឌា៕
ប្រែសម្រួលៈ ណៃ តុលា