បរទេស៖ ប្រទេសចិន បានផ្អាកការធ្វើពាណិជ្ជកម្ម តាមច្រកព្រំដែន Kim Thanh ក្នុងខេត្ត Lao Cai របស់វៀតណាម បន្ទាប់ពីរកឃើញករណីឆ្លង Covid-19 នៅខាងខ្លួន ដោយបន្សល់ទុករថយន្តកុងតឺន័រចំនួន ៣៥០ គ្រឿងជាប់គាំង។
យោងតាមសារព័ត៌មាន VN Express ចេញផ្សាយកាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២២ បានឱ្យដឹងថា ដោយសារអាជ្ញាធរចិនដាក់តំបន់ស្វយ័ត Hekou Yao ឱ្យស្ថិតក្រោមការបិទខ្ទប់ គេមិនច្បាស់ថានៅពេលណាដែលរថយន្តដឹកទំនិញអាចឆ្លងកាត់ព្រំដែនបាននោះទេ។
ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មរបស់វៀតណាម បានណែនាំដល់អ្នកនាំចេញឱ្យមើលស្ថានភាពព្រំដែនពេលធ្វើផែនការអាជីវកម្មដើម្បីចៀសវាងការខាតបង់ ។
Kim Thanh គឺជាច្រកព្រំដែនមួយក្នុងចំណោមច្រកព្រំដែនដែលត្រូវបានបិទកាលពីឆ្នាំមុន នៅពេលដែលប្រទេសចិនបានអនុម័តគោលនយោបាយ ‘សូន្យ Covid’ និងរឹតបន្តឹងពាណិជ្ជកម្មជាមួយវៀតណាម។
នៅក្នុងខេត្តមួយផ្សេងទៀតរបស់វៀតណាម Lang Son គិតត្រឹមថ្ងៃព្រហស្បតិ៍ មានរថយន្តជិត ២ ០០០ គ្រឿងបានតម្រង់ជួរ ដើម្បីចូលប្រទេសចិន។
សូមជម្រាបថា ប្រទេសចិនគឺជាទីផ្សារនាំចេញធំទីពីររបស់វៀតណាមសម្រាប់ផលិតផលកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បន្ទាប់ពីសហរដ្ឋអាមេរិក ដោយបានប្រកាសចំណូលពីការនាំចេញចំនួន ៨,៤ពាន់លានដុល្លារក្នុងរយៈពេល ១១ ខែដំបូងឆ្នាំមុន ដែលស្មើនឹង ១៩,២ ភាគរយនៃការនាំចេញកសិផលសរុបរបស់វៀតណាម៕
ប្រែសម្រួលៈ ណៃ តុលា