ព័ត៌មានអន្តរជាតិ

សមាជិក យោធាអ៊ុយក្រែនម្នាក់ បានស្លាប់ អំឡុងពេលយុទ្ធនាការ បាញ់ផ្លោងកាន់តែខ្លាំង ពីសំណាក់ក្រុមបំបែកខ្លួន ដែលគាំទ្រដោយរុស្ស៊ី

បរទេស៖ យោធាបាននិយាយនៅថ្ងៃសៅរ៍ថា សមាជិកសយោធាអ៊ុយក្រែនម្នាក់ ត្រូវបានសម្លាប់ ក្នុងអំឡុងពេលយុទ្ធនាការ បាញ់ផ្លោងកាន់តែខ្លាំង ពីសំណាក់ក្រុមបំបែកខ្លួន ដែលគាំទ្រដោយរុស្ស៊ី។

យោងតាមសារព័ត៌មាន The New York Times ចេញផ្សាយនៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២២ បានឱ្យដឹងថា យោងតាមសេចក្តីថ្លែងការណ៍មួយដែលបានបង្ហោះលើប្រព័ន្ធផ្សព្វផ្សាយសង្គមបានឱ្យដឹងថា សមាជិកនៃសេវាកម្មនេះបានស្លាប់បន្ទាប់ពីរងរបួសដោយគ្រាប់ផ្លោង។ ខណៈសមរភូមិភាគខាងកើតជួបប្រទះនឹងការកើនឡើងនៃកាំភ្លើងធំ និងកាំភ្លើងត្បាល់។

សេចក្តីថ្លែងការណ៍បាននិយាយថា មានការរំលោភបទឈប់បាញ់ចំនួន ១៩ នៅក្នុងតំបន់មុនម៉ោង ៩ ព្រឹក រួមទាំងអាវុធដែលត្រូវបានហាមឃាត់ក្រោមកិច្ចព្រមព្រៀងពីមុន។ យោធាអ៊ុយក្រែនបានចោទប្រកាន់ក្រុមផ្តាច់ខ្លួនពីការដាក់ទីតាំងកាំភ្លើងធំក្បែរអគារលំនៅដ្ឋាន។

សេចក្តីថ្លែងការណ៍បាននិយាយថា “តាមរយៈការធ្វើដូច្នេះ សត្រូវកំពុងព្យាយាមបង្ខំអង្គភាពនៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន ឱ្យបើកការបាញ់ប្រហារជាការឆ្លើយតប ដើម្បីចោទប្រកាន់អ្នកការពារអ៊ុយក្រែនបន្ថែមទៀតពីការបាញ់ផ្លោងជនស៊ីវិល” ។

មេបញ្ជាការអ៊ុយក្រែនបានប្រាប់កងទ័ពឱ្យជៀសវាងការវាយប្រហារបែបនេះ ដោយសង្ឃឹមថា នឹងការពារការរីករាលដាលនៃជម្លោះ ដែលបានសម្លាប់ជនជាតិអ៊ុយក្រែនប្រហែល 14 000 នាក់ចាប់តាំងពីឆ្នាំ 2014 ៕

ប្រែសម្រួលៈ ណៃ តុលា

To Top