ព័ត៌មានអន្តរជាតិ

ក្រុងហុងកុង នឹងពន្យាពេលក្នុងការផ្លាស់ប្តូរ មេដឹកនាំ របស់ខ្លួន ចំពេលជំងឺឆ្លងរាតត្បាតកំពុង បន្តកើនឡើងខ្លាំង

ហុងកុង៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នំា២០២២ថា ក្រុងហុងកុងកាលពីថ្ងៃសុក្របានឲ្យដឹងថា ខ្លួននឹងពន្យារពេលសម្រាប់ផែនការជ្រើសរើសមេដឹកនាំថ្មីរបស់ទីក្រុងនេះ ជាផលប៉ះពាល់ថ្មីសម្រាប់រដ្ឋាភិបាល ខណៈដែលខ្លួនកំពុងតស៊ូដើម្បីដោះស្រាយរលកនៃករណីកូវីដ-១៩ ។

មជ្ឈមណ្ឌលហិរញ្ញវត្ថុដ៏ធំមួយរបស់ប្រទេសចិន បច្ចុប្បន្នកំពុងស្ថិតក្នុងបញ្ហានៃការផ្ទុះឡើងនៃមេរោគឆ្លងដ៏អាក្រក់បំផុតមិនធ្លាប់មានរបស់ខ្លួន ដោយបានចុះបញ្ជីករណីដែលបានបញ្ជាក់រាប់ពាន់នាក់ក្នុង១ថ្ងៃ ជាមួយគ្នានេះដែរ មន្ទីរពេទ្យឈានដល់ចំណុចកំពូល ហើយគោលនយោបាយសូន្យនៃជំងឺកូវីដ ដែលបានដាក់បទបញ្ជាដោយរដ្ឋាភិបាលក្រុងប៉េកាំង នោះបានបរាជ័យដែរ ។
គណៈកម្មាធិការតូចមួយនៃអ្នកស្មោះត្រង់ទីក្រុងប៉េកាំងត្រូវបានកំណត់ដើម្បីជ្រើសរើសនាយកប្រតិបត្តិថ្មីរបស់ទីក្រុងនៅចុងខែមីនាខាងមុខ ជាមួយនឹងរយៈពេលនៃការតែងតាំងសម្រាប់បេក្ខជនចាប់ផ្តើមនៅថ្ងៃអាទិត្យនេះ ។

ប៉ុន្តែមេដឹកនាំបច្ចុប្បន្ននេះ គឺលោកស្រី Carrie Lam កាលពីថ្ងៃសុក្របានប្រកាសថា ការជ្រើសរើសនឹងបន្ថែមពេលទៅដល់ថ្ងៃទី៨ ខែឧសភា វិញ ។

លោកស្រីបានប្រាប់ដល់អ្នកយកព័ត៌មានថា “ការសម្រេចចិត្តនេះគឺដោយសារតែទីក្រុងហុងកុងប្រឈមមុខនឹងស្ថានភាពធ្ងន់ធ្ងរបំផុតចាប់តាំងពីជំងឺរាតត្បាតបានចាប់ផ្តើមកាលពី២ឆ្នាំមុន ។ វាគឺជាស្ថានភាពធ្ងន់ធ្ងរ” ។

លោកស្រីបានឲ្យដឹងទៀតថា “នេះក៏ស្របតាមស្មារតីដែលបានបង្ហាញដោយប្រធានាធិបតី លោក ហ្ស៊ី ជិនពីង (Xi Jinping) នៅក្នុងការណែនាំសំខាន់ៗរបស់គាត់ ពោលគឺយើងត្រូវធ្វើឱ្យការគ្រប់គ្រងការរីករាលដាលជាអាទិភាពចម្បងរបស់យើងជាមុនសិន” ៕

To Top