ព័ត៌មានអន្តរជាតិ

នាវារបស់កងទ័ពជើងទឹកចិន បាញ់ឡាស៊ែរទៅលើយន្តហោះចារកម្ម P-8A Poseidon អូស្រ្តាលី

បរទេស៖ យោធាអូស្ត្រាលីអះអាងថា ចិនបានបង្កគ្រោះថ្នាក់ដល់អាយុជីវិតបុគ្គលិករបស់ខ្លួន។ ក្រសួងការពារជាតិអូស្ត្រាលីបានចោទប្រកាន់ចិនពីបទបាញ់ឡាស៊ែរលើយន្តហោះចារកម្មរបស់ខ្លួនមួយក្នុងសប្តាហ៍នេះ ដោយថ្កោលទោសថាវាជា “ឧបទ្ទវហេតុសុវត្ថិភាពធ្ងន់ធ្ងរ” ដែលអាចមាន “គ្រោះថ្នាក់ដល់អាយុជីវិត” ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២២ បានឱ្យដឹងថា នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសៅរ៍ យោធាអូស្ត្រាលីបានអះអាងថា យន្តហោះចារកម្ម P-8A Poseidon មួយគ្រឿងរបស់ខ្លួន “បានរកឃើញឡាស៊ែរបំភ្លឺយន្តហោះ ខណៈពេលដែលកំពុងហោះហើរពីលើភាគខាងជើងនៃប្រទេសអូស្ត្រាលី” ។

សេចក្តីថ្លែងការណ៍នោះបានចោទប្រកាន់ថា “ឡាស៊ែរត្រូវបានគេរកឃើញថា បញ្ចេញចេញពីនាវាកងទ័ពជើងទឹក កងទ័ពរំដោះប្រជាជន (PLA-N)” ដោយហៅ “ការបំភ្លឺយន្តហោះដោយនាវាចិន” ជា “ឧប្បត្តិហេតុប៉ះពាល់ដល់សុវត្ថិភាពធ្ងន់ធ្ងរ” ។ កប៉ាល់ចិនត្រូវបានគេអះអាងថា បានធ្វើដំណើរទៅទិសខាងកើតកាត់សមុទ្រអារ៉ាហ្វូរ៉ា ចន្លោះប្រទេសប៉ាពួញូហ្គីណេ និងអូស្ត្រាលី នៅពេលកើតហេតុ៕ប្រែសម្រួលៈ ណៃ តុលា

To Top