ថ្ងៃទី២០ ខែកុម្ភៈ មុននឹងពិធីបិទបញ្ចប់ការប្រកួតកីឡា អូឡាំពិករដូវរងា ប៉េកាំង លោក Bach ប្រធាននៃគណៈកម្មាធិការកីឡាអូឡាំពិក អន្តរជាតិ បានផ្តល់បទសម្ភាសន៍ពិសេស ជាមួយអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន ជាថ្មីម្តងទៀត នៅក្រុងប៉េកាំង។
លោក Bach បានលើកឡើង អំពីអត្ថន័យប្រវត្តិសាស្ត្រ នៃការប្រកួតកីឡាអូឡាំពិក រដូវរងាប៉េកាំងថា កីឡារដូវរងា នឹងអាចអភិវឌ្ឍន៍យ៉ាងខ្លាំង បន្ទាប់ពីព្រឹត្តិការណ៍ ប្រកួតកីឡាអូឡាំពិក រដូវរងាក្រុងប៉េកាំង ព្រោះនៅប្រទេសចិន មានប្រជាជនចំនួន លើសពី ៣០០ លាននាក់បានចូលរួមលេង កីឡាព្រិលទឹកកក។ ក្នុងអំឡុងពេលប្រកួតលើកនេះ អត្តពលិកអន្តរជាតិ បានបង្ហាញឱ្យយើងទាំងអស់ នូវមិត្តភាព ការយោគយល់គ្នា និងសន្តិភាព ដែលបានបង្ហាញម្តងទៀតថា កីឡាអូឡាំពិក អាចលើសពីជម្លោះនយោបាយ។ បច្ចុប្បន្ន យុវជនកាន់តែច្រើនឡើងៗ បានយល់ដឹងពីគុណតម្លៃនៃកីឡា ពោលគឺ សាមគ្គី គោរពបទប្បញ្ញត្តិ ស្មារតីក្រុម។ លើសពីនេះទៅទៀត យើងបានប៉ានប្រមាណថា ទំហំទីផ្សារកីឡារដូវរងារបស់ចិនអាចនឹងកើនដល់ ១៥០០០០ លានដុល្លារអាមេរិកនៅឆ្នាំ ២០២៥។ ប្រទេសចិននឹងជំរុញយ៉ាងខ្លាំងដល់ឧស្សាហកម្មនិងកីឡារដូវរងាពិភពលោក ដើម្បីរួមគ្នាឱ្យកីឡារដូវរងាអភិវឌ្ឍជានិរន្តរភាព។
គួររំលឹកថា គិតត្រឹមថ្ងៃទី១៧ ខែកុម្ភៈ ការផ្សព្វផ្សាយតាមពហុវេទិការ អំពីការប្រកួតកីឡាអូឡាំពិករដូវរងា ក្រុងប៉េកាំង ដែលផលិតដោយអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន ទទួលបានការចូលទស្សនា ចំនួនលើសពី ៤៨៤៧៤ លានដង ពោលគឺច្រើនជាងចំនួនចូលទស្សនា សរុបនៃការប្រកួតអូឡាំពិករដូវក្តៅ ក្រុងតូក្យូ ដែលមានចំនួន ៤៧៩០៥ ដង។
ចំពោះស្ថិតិនេះ លោកBachបានសរសើរថា ការផ្សព្វផ្សាយអំពីព្រឹត្តិការណ៍ប្រកួត កីឡាអូឡាំពិករដូវរងា លើកនេះគឺមានទ្រង់ទ្រាយធំ និងភាពជោគជ័យ ដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ ដែលបានរួមចំណែកខ្លាំង ក្នុងការផ្សាយស្មារតី និងគុណតម្លៃអូឡាំពិកឱ្យកាន់តែទូលំទូលាយ ។ គណៈកម្មាធិការអូឡាំពិកអន្តរជាតិ សូមកោតសរសើរជាខ្លាំង៕