តេអេរ៉ង់៖ ទីភ្នាក់ងារព័ត៌មានផ្លូវការ IRNA បានរាយការណ៍ថា រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Hossein Amir Abdollahian បានលើកឡើងថា ដល់ពេលហើយសម្រាប់ ប្រទេសលោកខាងលិច ដើម្បីបង្ហាញថាពួកគេមាន “ឆន្ទៈពិតប្រាកដ” ដើម្បីសម្រេចបានកិច្ចព្រមព្រៀង នៅទីក្រុងវីយែន។
លោក Amir Abdollahian បានធ្វើការកត់សម្គាល់ នៅក្នុងជំនួបជាមួយលោក Josep Borrell ប្រធានគោលនយោបាយ ការបរទេស សហភាពអឺរ៉ុប នៅខាងក្រៅសន្និសីទសន្តិសុខទីក្រុង Munich លើកទី៥៨ នៅភាគខាងត្បូង ប្រទេសអាល្លឺម៉ង់។
លោកបានលើកឡើងថា អ៊ីរ៉ង់បានបញ្ជូនគំនិតផ្តួចផ្តើម និងសំណើដែលអាចធ្វើ បានទាំងអស់ ហើយឥឡូវនេះ វាដល់ពេលសម្រាប់សហរដ្ឋអាមេរិក បារាំង អង់គ្លេស និងអាឡឺម៉ង់ដើម្បីធ្វើការសម្រេចចិត្តនយោបាយ ដែលត្រូវការ ហើយបង្ហាញពីចេតនា របស់ពួកគេ ក្នុងការឈានដល់កិច្ចព្រមព្រៀង ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។
លោក Amir Abdollahian បានកត់សម្គាល់ថា អ៊ីរ៉ង់បានប្តេជ្ញាចិត្តបញ្ចប់កិច្ចចរចានៅទីក្រុងវីយែនស្តីពីការស្ដារឡើងវិញនូវកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ ដែលត្រូវបានគេស្គាល់ជាផ្លូវការថាជាផែនការសកម្មភាពទូលំទូលាយរួម (JCPOA) ជាមួយនឹង “កិច្ចព្រមព្រៀងដ៏ល្អ” ប៉ុន្តែភាគីម្ខាងទៀតត្រូវដឹងថា “ទីក្រុងតេអេរ៉ង់ នឹងមិនចុះចាញ់នឹងបន្ទាត់ក្រហមរបស់ខ្លួនឡើយ”។
លោកក៏បានសាទរចំពោះ លោក Borrell និងលោក Enrique Mora ដែលជាអ្នកសម្របសម្រួល សហភាពអឺរ៉ុប ក្នុងកិច្ចចរចានៅទីក្រុងវីយែន ចំពោះតួនាទីដែលពួកគេបានដើរកន្លងមកនៅក្នុងការចរចា នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួ។
អតីតប្រធានាធិបតី អាមេរិកលោក ដូណាល់ ត្រាំ បានដកទីក្រុងវ៉ាស៊ីនតោនចេញពី JCPOA ក្នុងខែឧសភា ឆ្នាំ២០១៨ ហើយបានដាក់ទណ្ឌកម្មឡើងវិញ លើប្រទេសអ៊ីរ៉ង់ ដែលបានជំរុញឱ្យអ្នកក្រោយបោះបង់ ចោលការប្តេជ្ញាចិត្ត នុយក្លេអ៊ែរមួយចំនួន របស់ខ្លួនមួយឆ្នាំក្រោយមក និងជំរុញកម្មវិធីនុយក្លេអ៊ែរ ដែលត្រូវបានបញ្ឈប់ របស់ខ្លួនឡើងវិញ៕
ដោយ ឈូក បូរ៉ា