បរទេស៖ បេសកកម្មការទូត របស់សហរដ្ឋអាមេរិក ប្រចាំនៅប្រទេសរុស្ស៊ី បានព្រមានកាលពីថ្ងៃអាទិត្យអំពី “ការវាយប្រហារ” ដែលអាចកើតមានលើសណ្ឋាគារ ស្ថានីយ៍រថភ្លើងក្រោមដី និងគោលដៅផ្សេងទៀតនៅក្នុងទីក្រុងធំៗរបស់រុស្ស៊ី។ សហរដ្ឋអាមេរិកបានចាត់ទុកការអះអាងទាំងនេះថា ជា “ប្រភពប្រព័ន្ធផ្សព្វផ្សាយ” ដែលមិនបានបញ្ជាក់ច្បាស់លាស់ ហើយបានព្រមានពលរដ្ឋអាមេរិកឱ្យរៀបចំ “ផែនការជម្លៀសចេញ” ប៉ុន្តែក្រសួងការបរទេសរបស់រុស្ស៊ីបានចោទសួរទៅវិញ អំពីការព្រមានរបស់ទីក្រុងវ៉ាស៊ីនតោននេះ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២២ បានឱ្យដឹងថា សារពីបេសកកម្មរបស់សហរដ្ឋអាមេរិកនៅប្រទេសរុស្ស៊ីបានអានថា “យោងតាមប្រភពប្រព័ន្ធផ្សព្វផ្សាយ មានការគំរាមកំហែងនៃការវាយប្រហារប្រឆាំង នឹងមជ្ឈមណ្ឌលផ្សារទំនើប ផ្លូវរថភ្លើង និងស្ថានីយ៍រថភ្លើងក្រោមដី និងកន្លែងប្រមូលផ្តុំសាធារណៈផ្សេងទៀតនៅក្នុងតំបន់ទីក្រុងសំខាន់ៗ រួមទាំងទីក្រុងម៉ូស្គូ និងទីក្រុង St. Petersburg” ។ បន្ថែមពីលើការគម្រាមកំហែង ដែលបានសន្មត់នោះ ការដាស់តឿន បានព្រមានជនជាតិអាមេរិកអំពី “ការកើនឡើងភាពតានតឹងនៅតាមព្រំដែនរុស្ស៊ីជាមួយអ៊ុយក្រែន” ។
សូមជម្រាបថា រយៈពេលជិតមួយខែមកនេះ អាមេរិកបានណែនាំពលរដ្ឋអាមេរិកកុំឲ្យធ្វើដំណើរទៅរុស្ស៊ី ហើយប្រសិនបើពួកគេមានបញ្ហា ត្រូវស្វែងរកជំនួយពីស្ថានទូត ឬស្ថានកុងស៊ុលអាមេរិក។ ទោះជាយ៉ាងណាក៏ដោយ ការដាស់តឿនថ្មីបន្ថែមបញ្ជីសកម្មភាពថ្មីសម្រាប់ជនជាតិអាមេរិកដែលត្រូវធ្វើ រួមទាំងការណែនាំដើម្បី “ជៀសវាងទៅកន្លែងមានមនុស្សច្រើន” “រក្សាការប្រុងប្រយ័ត្ន នៅក្នុងទីតាំងដែលភ្ញៀវទេសចរណ៍ មកញឹកញាប់” និង “មានផែនការជម្លៀស ដែលមិនពឹងផ្អែកលើ ជំនួយរបស់រដ្ឋាភិបាល សហរដ្ឋអាមេរិក”៕
ប្រែសម្រួលៈ ណៃ តុលា