ព័ត៌មានអន្តរជាតិ

Update៖ ចំនួនអ្នកស្លាប់ ដោយសារគ្រោះបាក់ដី និងទឹកជំនន់នៅប្រេស៊ីល កើនឡើងដល់ ១៤៦នាក់

រីយ៉ូ៖ ចំនួនអ្នកស្លាប់ដោយសារការបាក់ដី និងទឹកជំនន់ ដែលបានកើតឡើងកាលពីថ្ងៃអង្គារនៅក្នុងទីក្រុង Petropolis ក្នុងរដ្ឋរីយ៉ូ របស់ប្រទេសប្រេស៊ីល បានកើនឡើងដល់ ១៤៦នាក់ ខណៈដែលកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះបានអូសបន្លាយដល់ថ្ងៃទី៥ ។

ក្រសួងការពារជនស៊ីវិលបានឲ្យដឹងថា ចំនួនអ្នកបាត់ខ្លួនមានចំនួន ១៩១ នាក់ ដោយមានមនុស្ស ២៤ នាក់ត្រូវបានជួយសង្គ្រោះចាប់តាំងពីថ្ងៃអង្គារ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

ការប៉ុនប៉ងស្វែងរកអ្នករស់រានមានជីវិតនៅក្រោមភ្នំនៃភក់ ដែលបានហូរកាត់សង្កាត់ទីប្រជុំជនកាលពីថ្ងៃអង្គារត្រូវបានផ្អាកជាបណ្តោះអាសន្ននៅថ្ងៃសៅរ៍ ដោយសារតែភ្លៀងកាន់តែច្រើន និងហានិភ័យនៃការបាក់ដីបន្ថែមទៀត។

ប្រធានាធិបតីប្រេស៊ីលលោក Jair Bolsonaro បានធ្វើដំណើរតាមយន្ដហោះពីលើតំបន់រងគ្រោះកាលពីថ្ងៃសុក្រ ហើយបានពណ៌នាអំពីអ្វីដែលលោកបានឃើញថា ដូចជា “ទិដ្ឋភាពសង្រ្គាម”។

កូនភ្នំជាច្រើនបានដួលរលំអំឡុងពេលមានភ្លៀងធ្លាក់ខ្លាំង ដោយបាននាំយកផ្ទះសម្បែង និងយានជំនិះចេញទៅឆ្ងាយ ខណៈដែលអ្នកស្រុកបន្តជីកដីភក់ ដើម្បីស្វែងរកមនុស្សជាទីស្រលាញ់របស់ពួកគេដែលបាត់ខ្លួន៕
ដោយ ឈូក បូរ៉ា

To Top