ម៉ានីល៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២ថា យោធាបានឲ្យដឹងនៅថ្ងៃចន្ទនេះថា ជនសង្ស័យចំនួន៥នាក់ ដែលបម្រុង “ប៉ុនប៉ងប្លន់” ត្រូវបានបាញ់សម្លាប់នៅភាគខាងត្បូង នៃប្រទេសហ្វីលីពីន កាលពីចុងសប្តាហ៍មុន ។
ឧត្តមសេនីយ Alfredo Rosario មេបញ្ជាការ នៃបញ្ជាការភាគខាងលិច ក្រុង Mindanao បានលើកឡើងថា កងកម្លាំងរដ្ឋាភិបាល បានបាញ់សម្លាប់ជនសង្ស័យ ក្នុងអំឡុងពេលការបាញ់ប្រហារ រយៈពេលប្រាំនាទីនៅឯប៉ុស្តិ៍ត្រួតពិនិត្យមួយ កាលពីយប់ថ្ងៃសៅរ៍នៅ Ampatuan ទីប្រជុំជនក្នុងខេត្ត Maguindanao ។
លោកបានលើកឡើងថា ទាហាន និងសមាជិកនៃអង្គភាពប៉ារ៉ាមួយ បានបង្កើតប៉ុស្តិ៍ត្រួតពិនិត្យ បន្ទាប់ពីជនស៊ីវិលបានប្រាប់ ពីការប្លន់ហាងទំនិញមួយកន្លែង ដែលគេចោទថា ត្រូវបានក្រុមប្រដាប់អាវុធធ្វើសកម្មភាព ។
លោក Rosario បានលើកឡើងថា ការប្រយុទ្ធគ្នាបានផ្ទុះឡើង ខណៈដែលអង្គភាពទាហានប៉ារ៉ា នៅប៉ុស្តិ៍ត្រួតពិនិត្យ “បានជួបបុរសប្រដាប់អាវុធ ដែលមិនអាចកំណត់បាន ចំនួនមួយនៅលើរថយន្ត minivan” ។
លោកបានបន្តថា ជនសង្ស័យ២នាក់ផ្សេងទៀត បានរត់គេចខ្លួន ហើយកំពុងត្រូវបានកម្លាំងរដ្ឋាភិបាលតាមរក ហើយពួកគេក៏បានរកឃើញកាំភ្លើងខ្លី ចំនួន២ដើម និងគ្រាប់រំសេវ នៅក្នុងរថយន្តនោះផងដែរ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា