ព័ត៌មានអន្តរជាតិ

សហភាពអឺរ៉ុប គ្រោងនឹងដាក់ ទណ្ឌកម្មប្រឆាំង នឹងការទទួលស្គាល់របស់រុស្ស៊ី លើតំបន់ពីរ នៅភាគខាងកើតអ៊ុយក្រែន

ព្រុចសែល ៖ មេដឹកនាំសហភាព អឺរ៉ុប បានឲ្យដឹងថា ប្លុកនេះនឹង មានប្រតិកម្ម ជាមួយនឹងទណ្ឌកម្មប្រឆាំង នឹងអ្នកដែលពាក់ព័ន្ធ ក្នុងការទទួលស្គាល់ របស់រុស្ស៊ីនៃតំបន់ Lugansk និង Donetsk ភាគខាងកើតអ៊ុយក្រែន ជារដ្ឋឯករាជ្យ។

នៅក្នុងនោះដែរ អគ្គលេខាធិការអង្គការ សហប្រជាជាតិលោក Antonio Guterres បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការសម្រេចចិត្តរបស់រុស្ស៊ី លើស្ថានភាពនៃទីក្រុង Donetsk និង Lugansk របស់អ៊ុយក្រែន ។

ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បានចុះហត្ថលេខាលើ ក្រឹត្យដោយទទួលស្គាល់ “សាធារណរដ្ឋប្រជាមានិត Lugansk (LPR)” និង “សាធារណរដ្ឋប្រជាមានិត Donetsk (DPR)” ជារដ្ឋឯករាជ្យ និងអធិបតេយ្យភាព នៅភាគខាងកើតអ៊ុយក្រែន។

សេចក្តីថ្លែងការណ៍ របស់វិមានក្រឹមឡាំងបានឲ្យដឹងថា នៅក្នុងពិធីមួយ ដែលធ្វើឡើងនៅក្នុងវិមានក្រឹមឡាំង លោកពូទីន ក៏បានចុះហត្ថលេខាលើ សន្ធិសញ្ញាមិត្តភាព កិច្ចសហប្រតិបត្តិការ និងជំនួយទៅវិញទៅមករវាងរុស្ស៊ី និង LPR និង DPR រៀងៗខ្លួនជាមួយប្រមុខនៃ “សាធារណរដ្ឋទាំងពីរ” ។

លោកពូទីន បានឲ្យដឹង នៅក្នុងសុន្ទរកថា តាមទូរទស្សន៍ទៅកាន់ប្រជាជាតិថា “ខ្ញុំចាត់ទុកថាវាចាំបាច់ ដើម្បីធ្វើការសម្រេចចិត្ត ដើម្បីទទួលស្គាល់ភ្លាមៗ នូវឯករាជ្យភាព និង អធិបតេយ្យភាពរបស់ DPR និង LPR” ។

លោកបានប្រាប់សាធារណជនថា “រុស្ស៊ីបានធ្វើអ្វីគ្រប់យ៉ាង ដើម្បីការពារបូរណភាព ទឹកដីរបស់អ៊ុយក្រែន” ដោយប្រយុទ្ធដើម្បី អនុវត្តកិច្ចព្រមព្រៀងមីនស៍ ឆ្នាំ២០១៥ ប៉ុន្តែកិច្ចខិតខំប្រឹងប្រែង ទាំងអស់បានបញ្ចប់ដោយឥតប្រយោជន៍ ៕
ដោយ ឈូក បូរ៉ា

To Top