ព័ត៌មានអន្តរជាតិ

អាមេរិកទម្លាយព័ត៌មាន នៃបញ្ជីឈ្មោះមនុស្ស ដែលត្រូវសម្លាប់ ពេលរុស្ស៊ី ចូលលុកលុយ ក្នុងប្រទេសអ៊ុយក្រែន

បរទេស៖ អ្នកការទូតជាន់ខ្ពស់ អាមេរិកម្នាក់ បានប្រាប់អង្គការសហប្រជាជាតិថា រដ្ឋាភិបាលទីក្រុងម៉ូស្គូ បានរៀបចំបញ្ជីឈ្មោះ ជនជាតិអ៊ុយក្រែន ដែលត្រូវធ្វើឃាត ឬបញ្ជូនទៅកាន់ជំរំ បន្ទាប់ពីការលុកលុយ របស់រុស្ស៊ី និងការកាន់កាប់ ដោយយោធា។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២ បានឱ្យដឹងថា នៅក្នុងលិខិតមួយ ដែលផ្ញើទៅកាន់ស្ថាប័ន អន្តរជាតិ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំអង្គការសហប្រជាជាតិ លោកស្រី Bathsheba Crocker បានចោទប្រកាន់ថា រុស្ស៊ីបានបង្កើតផែនការសម្លាប់ បង្កគ្រោះថ្នាក់, និទ្ទេសមនុស្ស ឬក្រុមជនជាតិភាគតិចដែលរស់នៅក្នុងប្រទេសអ៊ុយក្រែន ក្នុងអ្វីដែលលោកស្រីពិពណ៌នាថាជា “មហន្តរាយសិទ្ធិមនុស្ស។ ” ខ្លឹមសារនៃសំបុត្រ ត្រូវបានរាយការណ៍ ជាលើកដំបូងនៅក្នុងកាសែត Washington Post នៅល្ងាចថ្ងៃអាទិត្យ។

ផ្ញើទៅកាន់ឧត្តមស្នងការ អង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្ស លោកស្រី Michelle Bachelet លិខិតនោះចែងថា “ព័ត៌មានដែលសហរដ្ឋអាមេរិកទទួលបាននាពេលថ្មីៗនេះ” បង្ហាញពី “ការរំលោភសិទ្ធិមនុស្ស និងការរំលោភបំពានបន្ទាប់ពីមានការឈ្លានពានបន្ថែមទៀត កំពុងត្រូវបានគ្រោងទុក” ហើយសង្កត់ធ្ងន់ថា ប្រជាជនអ៊ុយក្រែនអាច ត្រូវបានទទួលរងនូវ “ការឈឺចាប់យ៉ាងទូលំទូលាយ” បន្ទាប់ពីការវាយលុករបស់រុស្ស៊ី៕

ប្រែសម្រួលៈ ណៃ តុលា

To Top