គៀវ ៖ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានលើកឡើងថា លោករំពឹងថា មិនមានជម្លោះជាមួយរុស្ស៊ីនោះទេ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។
លោក Zelensky បានលើកឡើងថា “យើងជឿជាក់ថា នឹងមិនមានសង្រ្គាមទ្រង់ទ្រាយធំ ប្រឆាំងនឹងអ៊ុយក្រែននោះទេ ហើយវានឹងមិនមានការកើនឡើង យ៉ាងទូលំទូលាយ ពីខាងសហព័ន្ធរុស្ស៊ីឡើយ” ដោយបន្ថែមថា ទីក្រុងគៀវ ត្រៀមខ្លួនរួចជាស្រេច ក្នុងការដាក់ច្បាប់អាជ្ញាសឹក ប្រសិនបើមានការឈ្លានពានប្រឆាំងនឹងអ៊ុយក្រែន ។
នៅព្រឹកថ្ងៃដដែល ប្រធានាធិបតីអ៊ុយក្រែន លោក Zelensky បានលើកឡើងថា លោកកំពុងថ្លឹងថ្លែង សំណើពីក្រសួងការបរទេស ដើម្បីផ្តាច់ទំនាក់ទំនងការទូតជាមួយរុស្ស៊ី ។
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន កាលពីថ្ងៃចន្ទ បានចុះហត្ថលេខាលើក្រឹត្យចំនួនពីរ ដោយទទួលស្គាល់ “សាធារណរដ្ឋប្រជាមានិត Lugansk (LPR)” និង “សាធារណរដ្ឋប្រជាមានិត Donetsk (DPR)” ជារដ្ឋឯករាជ្យ និងអធិបតេយ្យភាព។
សេចក្តីថ្លែងការណ៍ របស់វិមានក្រឹមឡាំង បានឲ្យដឹងថា នៅក្នុងពិធីមួយដែលធ្វើឡើងនៅក្នុងវិមានក្រឹមឡាំង លោកពូទីន ក៏បានចុះហត្ថលេខា លើសន្ធិសញ្ញាមិត្តភាព កិច្ចសហប្រតិបត្តិការ និងជំនួយទៅវិញទៅមករវាងរុស្ស៊ី និង LPR និង DPR រៀងៗខ្លួនជាមួយប្រមុខនៃ “សាធារណរដ្ឋទាំងពីរ”៕
ដោយ ឈូក បូរ៉ា
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
