នៅថ្ងៃទី ២១ ខែកុម្ភៈ តាមម៉ោងក្នុងតំបន់ ស្ថានការណ៍ នៅតំបន់ភាគខាងកើតអ៊ុយក្រែន មានការផ្លាស់ប្តូរយ៉ាងខ្លាំងក្លា ។ នៅថ្ងៃដដែលនោះ រុស្ស៊ី បានប្រកាសទទួលស្គាល់ “សាធារណរដ្ឋពីរ” នៅភាគខាងកើតអ៊ុយក្រែន បន្ទាប់មក សហរដ្ឋអាមេរិក ក៏បានប្រកាសថា នឹងដាក់ទណ្ឌកម្មផ្នែកហិរញ្ញវត្ថុ ទៅលើរុស្ស៊ី ហើយប្រទេស លោកខាងលិចមួយចំនួន ក៏បានបង្ហាញពីឆន្ទៈរបស់ខ្លួន ក្នុងការគាំទ្រការដាក់ទណ្ឌកម្មនេះ ក្នុងពេលដំណាលគ្នាផងដែរ ។
នៅក្នុងកិច្ចប្រជុំបន្ទាន់ នៃក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ អំពីបញ្ហាអ៊ុយក្រែន ប្រទេសចិន បានអំពាវនាវឱ្យភាគីនានា រក្សាភាពអត់ធ្មត់ ដើម្បីជៀសវាងពីរាល់សកម្មភាព ដែលប្រហែលនឹងបណ្តាលឱ្យ ស្ថានការណ៍កាន់តែតានតឹង ។
ងាកទៅមើលនិន្នាការវិវឌ្ឍ នៃបញ្ហាអ៊ុយក្រែនតាំងពីឆ្នាំ ២០១៤ មក អាចឃើញថា វាកើតមានវិវាទខាងផលប្រយោជន៍ ដ៏ស្មុគស្មាញរវាងពហុភាគី ។ អ៊ុយក្រែន ដែលបាននិងកំពុង ស្ថិតក្នុងកណ្តាល នៃការប្រកួតប្រជែង រវាងប្រទេសធំៗ និងមានការព្រួយបារម្ភថា អធិបតេយ្យភាព និងសន្តិសុខជាតិរបស់ខ្លួន នឹងទទួលរងការរំលោភបំពាន ហើយរំពឹងថា អាចចូលជាសមាជិក នៃអង្គការណាតូ ដើម្បីទទួលបានការការពារ ។ ចំណែកឯប្រទេសអឺរ៉ុបវិញ បែរជាភ័យខ្លាចថា នឹងត្រូវអូសឱ្យចូល ទៅក្នុងសង្រ្គាមដែលមិនអាច គ្រប់គ្រងបានម្តងទៀត ។
ដូច្នេះ ស្ថានការណ៍អ៊ុយក្រែនមានការវិវឌ្ឍ រីកម្រើនរហូតដល់សភាពការណ៍បច្ចុប្បន្ន គឺជាលទ្ធផលដែលបណ្តាលមកពី កត្តាដ៏ស្មុគស្មាញជាច្រើន ។ ក្នុងនោះ សហរដ្ឋអាមេរិក បានដើរតួជាអ្នកបង្ករឿងហេតុ នៅគ្រប់ទីកន្លែង ។ ក្នុងមួយរយៈពេលចុងក្រោយនេះ ទីក្រុងវ៉ាស៊ីនតោន បានឃោសនាបំប៉ោងជាបន្តបន្ទាប់ នូវអ្វីដែលហៅថា រុស្ស៊ីនឹង”ឈ្លានពាន”អ៊ុយក្រែន គឺប៉ុនប៉ងបង្វែរទំនាស់ក្នុងស្រុក ដើម្បីស្រោចស្រង់ឡើងវិញ នូវអត្រាគាំទ្រដែលកំពុងធ្លាក់ចុះជាបន្តបន្ទាប់ ព្រមទាំងគិតចង់ទប់ស្កាត់ការអភិវឌ្ឍរបស់អឺរ៉ុប ដោយសំអាងលេសថា ភូមិសាស្ត្រនយោបាយ មានភាពតានតឹង ទន្ទឹមនឹងនេះទីក្រុងវ៉ាស៊ីនតោន ក៏អាចបិទបាំងនូវគោលបំណងរបស់ខ្លួន ក្នុងការមិនចង់ឆ្លើយតបជាក់ស្តែង ចំពោះតម្រូវការនិងសំណូមពររបស់រុស្ស៊ី ស្តីពីការធានាសន្តិសុខផងដែរ ។ ទង្វើរបស់អាមេរិកបែបនេះ វាមិនខុសអ្វីពីការយកសាំង មកចាក់លើភ្លើង ដល់ស្ថានការណ៍អ៊ុយក្រែនទាំងមូល ។
សូមបញ្ជាក់ថា មធ្យោបាយដ៏ល្អបំផុត សម្រាប់ដោះស្រាយវិបត្តិអ៊ុយក្រែន គឺ អង្គុយធ្វើកិច្ចចរចា តែមិនមែនជា “បង្កភាពចលាចលនៅគ្រប់ទីកន្លែង” នោះទេ ។ ក្នុងនាមជារដ្ឋសមាជិកអចិន្រ្តៃយ៍ នៃក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ គោលជំហររបស់ចិន ក្នុងបញ្ហាអ៊ុយក្រែន គឺ ជាប់រហូតនិងជាក់ច្បាស់ ពោលគឺ ការយកចិត្តទុកដាក់អំពីសន្តិសុខ ដ៏សមហេតុផលរបស់ប្រទេសណាមួយ សុទ្ធតែត្រូវទទួលបានការគោរព ហើយកម្មវត្ថុ និងគោលការណ៍របស់ធម្មនុញ្ញ អង្គការសហប្រជាជាតិ ក៏ត្រូវទទួលបានការគាំពារផងដែរ ។
ក្នុងកិច្ចប្រជុំសន្តិសុខ ទីក្រុងមុយនិចលើកទី ៥៨ ដែលបានធ្វើឡើង នាពេលថ្មីៗកន្លងទៅនេះ ប្រទេសចិនបានលើកឡើងថា ទាក់ទិននឹងបញ្ហាអ៊ុយក្រែន យើងគួរតែត្រឡប់ទៅកាន់ផ្លូវត្រឹមត្រូវ ដែលជំរុញដល់ការអនុវត្តកិច្ចព្រមព្រៀង Minsk ឡើងវិញក្នុងពេលឆាប់ៗ ។ កិច្ចព្រមព្រៀងនេះ ត្រូវបានឈានដល់ដោយសាមីប្រទេស តាមរយៈការចរចានិងទទួលបានការអនុម័ត ពីសំណាក់ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ ដែលជាផ្លូវចេញតែមួយគត់ សម្រាប់ដោះស្រាយបញ្ហាអ៊ុយក្រែន ។
នាពេលបច្ចុប្បន្ននេះ ស្ថានការណ៍អ៊ុយក្រែន កំពុងមានភាពកាន់តែអាប់អួ ពីមួយថ្ងៃទៅមួយថ្ងៃ ។ សាមីភាគីពាក់ព័ន្ធនានា ត្រូវរក្សាភាពអត់ធ្មត់ ក៏ដូចជាយល់ដឹងពីសារសំខាន់ នៃការអនុវត្តនូវគោលការណ៍ អំពីសន្តិសុខដែលមិនអាចកាត់ផ្តាច់ បាននិងជៀសវាងកុំឱ្យ ស្ថានការណ៍ឡើងកម្តៅថែមមួយកម្រិតទៀត ។ កម្លាំងខាងក្រៅ ដូចជាសហរដ្ឋអាមេរិកជាដើម គួរតែធ្វើកិច្ចការណាដែលជំរុញ ដល់ការចរចាសន្តិភាព ឱ្យបានកាន់តែច្រើនឡើងៗ តែមិនមែនបន្ថែមកម្តៅ ដល់ស្ថានការណ៍ដ៏តានតឹង និងបង្កភាពភ័យតក់ស្លុតនោះទេ ។ បើសិនជាចង់ឱ្យពិភពលោក មានភាពប្រសើរឡើង នោះប្រទេសធំលើពិភពលោក ចាំបាច់ត្រូវតាំងខ្លួនជាគំរូល្អ ៕