ព័ត៌មានអន្តរជាតិ

ប្រេស៊ីល ប្រកាសថា ចំនួនអ្នកស្លាប់ដោយគ្រោះ បាក់ដីបានកើនឡើងដល់ ១៧៦នាក់ហើយ 

ប្រេស៊ីល៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សព្វផ្សាយនៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២ថា នាយកដ្ឋានពន្លត់អគ្គីភ័យក្នុងតំបន់ បានប្រកាសកាលពីថ្ងៃចន្ទថា ចំនួនអ្នកស្លាប់បានកើនឡើង ដល់១៧៦នាក់ហើយ ដោយសារភ្លៀងធ្លាក់ខ្លាំង ដែលបានបណ្តាលឱ្យមានគ្រោះបាក់ដី និងគ្រោះទឹកជំនន់កើតឡើង កាលពីសប្តាហ៍មុន នៅទីក្រុង Petropolis ក្នុងរដ្ឋ រីយ៉ូឌឺចាណេរ៉ូនៃប្រទេសប្រេស៊ីល ។

យោងតាមរបាយការណ៍របស់ខ្លួន មនុស្សជាង១០០នាក់នៅតែបាត់ខ្លួននៅក្នុងតំបន់រងផលប៉ះពាល់នៃទីក្រុង Petropolis ដែលស្ថិតនៅចម្ងាយ 68 គីឡូម៉ែត្រភាគខាងជើងនៃទីក្រុងរីយ៉ូឌឺចាណេរ៉ូ ។
ក្រុមជួយសង្គ្រោះកំពុងធ្វើការទាំងយប់ទាំងថ្ងៃ ដើម្បីស្វែងរកមនុស្សដែលកប់ក្នុងភក់ ដោយមានមនុស្ស ២៤នាក់ត្រូវបានជួយសង្គ្រោះគិតមកទល់ពេលនេះ ។

វិទ្យាស្ថានជាតិឧតុនិយមបានរាយការណ៍ថា ភ្លៀងធ្លាក់ខ្លាំងបំផុតនៅក្នុងតំបន់នេះត្រូវបានកត់ត្រានៅថ្ងៃទី១៥  ខែកុម្ភៈ ហើយចាប់តាំងពីពេលនោះមក វាមានភ្លៀងធ្លាក់ច្រើនដង ដោយមានការព្យាករណ៍ថា នឹងមានភ្លៀងធ្លាក់នៅពេលថ្ងៃ។

ចំនួនអ្នកស្លាប់ដែលត្រូវបានកត់ត្រានាពេលបច្ចុប្បន្នគឺខ្ពស់បំផុតក្នុងប្រវត្តិសាស្រ្តនៃទីក្រុងនេះ លើសពីគ្រោះមហន្តរាយដែលមានភ្លៀងធ្លាក់ខ្លាំងក្នុងឆ្នាំ៩៨៨ នៅពេលដែលមនុស្ស១៧១នាក់បានស្លាប់ នេះបើយោងតាម Atlas នៃគ្រោះមហន្តរាយធម្មជាតិប្រេស៊ីល៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top