ព័ត៌មានអន្តរជាតិ

ចិន ជំរុញឲ្យភាគីពាក់ព័ន្ធ ក្នុងវិបត្ដិអ៊ុយក្រែន អនុវត្ដការអត់ធ្មត់ជាចាំបាច់

ប៉េកាំង៖ បេសកជនចិនមួយរូប កាលពីថ្ងៃពុធ បានអំពាវនាវឲ្យគ្រប់ភាគីពាក់ព័ន្ធ នឹងបញ្ហាអ៊ុយក្រែន អនុវត្តការអត់ធ្មត់ជាចាំបាច់ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

លោក Zhang Jun តំណាងអចិន្ត្រៃយ៍របស់ប្រទេសចិន ប្រចាំអង្គការសហប្រជាជាតិ បានប្រាប់កិច្ចប្រជុំពេញអង្គ នៃសម័យប្រជុំលើកទី៧៦ នៃមហាសន្និបាតអង្គការសហប្រជាជាតិ ស្តីពីអ៊ុយក្រែនថា “នៅក្នុងបរិបទបច្ចុប្បន្ន គ្រប់ភាគីពាក់ព័ន្ធគួរតែ អនុវត្តការអត់ធ្មត់ និងជៀសវាងការចាត់វិធានការណាមួយ ដែលអាចធ្វើឲ្យភាពតានតឹង កាន់តែធ្ងន់ធ្ងរឡើង” ។ .

ឯកអគ្គរដ្ឋទូតបានសង្កត់ធ្ងន់ថា “ប្រទេសចិន បាននិងកំពុងយកចិត្តទុកដាក់ ចំពោះស្ថានភាពវិវឌ្ឍ នៅក្នុងប្រទេសអ៊ុយក្រែន។ គោលជំហររបស់ចិន លើការការពារអធិបតេយ្យភាព និងបូរណភាពទឹកដីនៃរដ្ឋទាំងអស់ គឺមានភាពស៊ីសង្វាក់គ្នា។ គោលបំណង និងគោលការណ៍នៃ ធម្មនុញ្ញអង្គការសហប្រជាជាតិ គួរតែត្រូវបានអនុវត្តរួមគ្នា”។

លោក Zhang បានចង្អុលបង្ហាញថា ក្នុងពេលជាមួយគ្នានេះ យើងកត់សំគាល់ថា បញ្ហាអ៊ុយក្រែនត្រូវបានចាក់ឫស នៅក្នុងបណ្តាញស្មុគស្មាញ នៃកត្តាប្រវត្តិសាស្ត្រ និងបច្ចុប្បន្ន។ អន្តរកម្មនៃកត្តាទាំងនោះបានជំរុញ ឱ្យស្ថានការណ៍ឈានដល់ចំណុចនេះ។ ក្នុងបរិបទបច្ចុប្បន្ន ភាគីពាក់ព័ន្ធទាំងអស់ គួរអនុវត្តការអត់ធ្មត់ និងចៀសវាងការ ធ្វើសកម្មភាពណាមួយ ដែលអាចធ្វើឱ្យ ភាពតានតឹងកាន់តែធ្ងន់ធ្ងរឡើង ។

លោកបន្ដថា “ចិនអំពាវនាវឱ្យភាគីទាំងអស់ ទទួលស្គាល់ពីសារៈសំខាន់ នៃការអនុវត្តគោលការណ៍សន្តិសុខ ដែលមិនអាចបំបែកបាន បន្តចូលរួមកិច្ចសន្ទនា និងការពិគ្រោះយោបល់ និងស្វែងរកដំណោះស្រាយសមហេតុផល ដែលដោះស្រាយបញ្ហា កង្វល់របស់គ្នាទៅវិញទៅមក តាមរយៈមធ្យោបាយសន្តិភាព ដោយផ្អែកលើសមភាព និងការគោរពគ្នាទៅវិញទៅមក។ សូមស្វាគមន៍ និងលើកទឹកចិត្តរាល់កិច្ចខិតខំ ប្រឹងប្រែងក្នុងគោលបំណង សម្របសម្រួលដំណោះស្រាយការទូតមួយ” ៕

ដោយ ឈូក បូរ៉ា

To Top