វ៉ាស៊ីនតោន៖ រដ្ឋបាលអាកាសចរណ៍សហព័ន្ធ (FAA) របស់សហរដ្ឋអាមេរិក បានឲ្យដឹងថា ខ្លួនកំពុងពង្រីកតំបន់គ្មានការហោះហើររបស់ខ្លួន នៅអឺរ៉ុបខាងកើត ខណៈដែលជម្លោះប្រដាប់អាវុធនៅក្នុងប្រទេសអ៊ុយក្រែន កំពុងកើតឡើង។
ប្រភពពី FAA បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួនបានចេញសេចក្តីជូនដំណឹងដល់បេសកកម្មផ្លូវអាកាស (NOTAMs) ពង្រីកតំបន់នៅអឺរ៉ុបខាងកើត និងរុស្ស៊ី ដែលក្រុមហ៊ុនអាកាសចរណ៍អាមេរិក និងអ្នកបើកយន្តហោះអាមេរិក មិនអាចដំណើរការបាននោះទេ។
សេចក្តីថ្លែងការណ៍បានឲ្យដឹងថា “NOTAMs ដែលបានពង្រីកឥឡូវនេះ គឺគ្របដណ្តប់ប្រទេសអ៊ុយក្រែនទាំងមូល ប្រទេសបេឡារុស្សទាំងមូល និងផ្នែកខាងលិចនៃប្រទេសរុស្ស៊ី” នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
NOTAM គឺជាការជូនដំណឹងដែលមានព័ត៌មានចាំបាច់សម្រាប់បុគ្គលិក ដែលទាក់ទងនឹងប្រតិបត្តិការហោះហើរ ប៉ុន្តែមិនទាន់ដឹងច្បាស់គ្រប់គ្រាន់ជាមុន ដើម្បីផ្សព្វផ្សាយជាសាធារណៈតាមមធ្យោបាយផ្សេងទៀត។
ការប្រកាសនេះបានធ្វើឡើងតិចជាង ២៤ ម៉ោងបន្ទាប់ពីប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បានអនុញ្ញាតឱ្យ “ប្រតិបត្តិការយោធាពិសេស” នៅក្នុងតំបន់ដុនបាសនៃប្រទេសអ៊ុយក្រែន៕
ប្រែសម្រួលដោយ ឈូក បូរ៉ា