បរទេស៖ បន្ទាប់ពីរុស្ស៊ីបើកការលុកលុយទ្រង់ទ្រាយធំនៅថ្ងៃទី១ ដែលបានសម្លាប់ជនជាតិអ៊ុយក្រែន អស់ជាង១០០នាក់ និងរបួសជិត៤០០នាក់ផ្សេងទៀត ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានថ្លែងថា ប្រទេសរបស់លោកត្រូវបានទុកចោលម្នាក់ឯង ឱ្យតតាំងប្រយុទ្ធជាមួយរុស្ស៊ី។
លោកបានបន្ថែមថា “តើនរណាត្រៀមខ្លួន ប្រយុទ្ធជាមួយយើង? ខ្ញុំមិនឃើញនរណាម្នាក់ទេ។ តើនរណាត្រៀមខ្លួន ផ្តល់ការធានាដល់អ៊ុយក្រែន ពីសមាជិកភាពណាតូ? មនុស្សគ្រប់គ្នា មានការភ័យខ្លាច អស់ហើយ” ។
លោក Zelensky បានបន្តថា “ក្រុមបំផ្លិចបំផ្លាញ” របស់រុស្ស៊ី បានចូលទៅក្នុងរដ្ឋធានី Kyiv ហើយខណៈរូបគាត់និងក្រុមគ្រួសារ នៅតែស្ថិតក្នុងប្រទេសអ៊ុយក្រែនដដែល បើទោះបីជារុស្ស៊ី កំណត់គាត់ថាជា “គោលដៅទី ១របស់គេក៏ដោយ” ។
សម្រាប់១ថ្ងៃដំបូង រុស្ស៊ីបានបើកការវាយប្រហារ ចំនួន២០៣លើក ចេញពី៣ច្រក (ជើង កើត និងពីខាងត្បូង)
ហើយបានបំផ្លាញ មូលដ្ឋានយោធាអ៊ុយក្រែន រហូតដល់៧៤កន្លែង។
ប្រធានាធិបតីអាមេរិក លោក Joe Biden បានប្រជុំជាមួយសម្ព័នមិត្តជាច្រើន រួមទាំងប្រទេសមហាអំណាចសេដ្ឋកិច្ច G-7 ផង ដើម្បីដាក់ទណ្ឌកម្ម គ្រប់បែបយ៉ាង ដែលអាចធ្វើបានប្រឆាំងនឹងរុស្ស៊ី ប៉ុន្តែមានប្រសិទ្ធភាព និងធ្វើឱ្យលោកពូទីន ខ្លាចឬយ៉ាងណា សូមបន្តតាមដាន… ៕
ដោយ៖ ពុយ គា