ព័ត៌មានអន្តរជាតិ

លោក Xi Jinping ប្រធានរដ្ឋចិនជួបសន្ទនាតាមទូរស័ព្ទជាមួយលោកPutin ប្រធានាធិបតីរុស្ស៊ី

នារសៀលថ្ងៃទី២៥ ខែកុម្ភៈ លោក Xi Jinping ប្រធានរដ្ឋចិនបានជួបសន្ទនាតាមទូរស័ព្ទ ជាមួយលោកPutin ប្រធានាធិបតីរុស្ស៊ី ។

ក្នុងកិច្ចជំនួប ប្រមុខរដ្ឋនែប្រទេសទាំងពីរបានផ្តោតសំខាន់លើការផ្លាស់ប្តូរមតិយោបល់ស្តីពីស្ថានការណ៍អ៊ុយក្រែននាពេលបច្ចុប្បន្ន លោកPutinបានជម្រាបជូនអំពីប្រវត្តិសាស្រ្តនៃបញ្ហាអ៊ុយក្រែន ព្រមនឹងសភាពការណ៍និងគោលជំហររបស់ប្រទេសរុស្ស៊ីក្នុងការចាត់សកម្មភាពយោធាពិសេសនៅតំបន់ភាគខាងកើតអ៊ុយក្រែន ដោយបានថ្លែងថា សហរដ្ឋអាមេរិកនិងអង្គការណាតូមិនអើពើពីក្តីកង្វល់សន្តិសុខដ៏ស្របច្បាប់របស់រុស្ស៊ីក្នុងរយៈពេលយូរមក បានរំលោភពាក្យសន្យារបស់ខ្លួនម្តងហើយម្តងទៀត បន្តដាក់ពង្រាយយោធាទៅភាគខាងកើត ។ ភាគីរុស្ស៊ីរីករាយធ្វើការចរចាថ្នាក់ខ្ពស់ជាមួយភាគីអ៊ុយក្រែន។

ជាការឆ្លើយតប លោក Xi Jinping បានគូសបញ្ជាក់ថា ពេលថ្មីៗនេះ ស្ថានការណ៍នៅតំបន់ភាគខាងកើតអ៊ុយក្រែនមានការប្រែប្រួលយ៉ាងខ្លាំង បានបណ្តាលឱ្យសហគមន៍អន្តរជាតិផ្តល់ការយកចិត្តទុកដាក់ខ្ពស់។ ភាគីចិនប្រកាន់គោលជំហររបស់ខ្លួនយោងតាមភាពខុសត្រូវនៃបញ្ហាអ៊ុយក្រែនពីឬសគល់ ។ ភាគីពាក់ព័ន្ធនានាគួរតែបោះបង់ចោលគំនិតសង្គ្រាមត្រជាក់ ផ្តោតសំខាន់និងគោរពការយកចិត្តទុកដាក់ផ្នែកសន្តិសុខដ៏ស្របច្បាប់របស់បណ្តាប្រទេសនានា ដើម្បីឈានដល់ការបង្កើតយន្តការសន្តិសុខទ្វីបអឺរ៉ុបដែលប្រកបដោយតុល្យភាព ប្រសិទ្ធភាពនិងនិរន្តរភាពតាមរយៈការចរចា ។ ភាគីចិនគាំទ្រភាគីរុស្សីនិងភាគីអ៊ុយក្រែនដោះស្រាយបញ្ហាតាមរយៈការចរចា។ គោលជំហរជាមូលដ្ឋានរបស់ប្រទេសចិនស្តីពីការគោរពអធិបតេយ្យភាពនិងបូរណភាពដែនដី គោរពកម្មវត្ថុនិងគោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ គឺមិនផ្លាស់ប្តូរជានិច្ច ។ ភាគីចិនរីករាយរួមសហការជាមួយសហគមន៍អន្តរជាតិ ផ្តួចផ្តើមទស្សនៈសន្តិសុខប្រកបដោយការរួមគ្នា ចម្រុះ កិច្ចសហប្រតិបត្តិការនិងនិរន្តរភាព គាំពារយ៉ាងម៉ឺងម៉ាត់នូវប្រព័ន្ធអន្តរជាតិដែលចាត់ទុកអង្គការសហប្រជាជាតិជាស្នូល និងសណ្តាប់ធ្នាប់អន្តរជាតិដែលចាត់ទុកច្បាប់អន្តរជាតិជាមូលដ្ឋាន ៕ ដោយ៖ វិទ្យុមិត្តភាព កម្ពុជា ចិន

To Top