បរទេស៖ ប្រទេសកូរ៉េខាងជើង បានរាយការណ៍ថាបានបាញ់ មីស៊ីលមួយគ្រាប់ទៅភាគខាងកើត នេះបើយោងតាមការប្រកាសអាសន្នរបស់យោធាកូរ៉េខាងត្បូង។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២២ បានឱ្យដឹងថា អគ្គសេនាធិការចម្រុះរបស់កូរ៉េខាងត្បូងបាននិយាយថា ការបាញ់នេះបានធ្វើឡើងនៅព្រឹកថ្ងៃអាទិត្យ។ នៅក្នុងការវាយតម្លៃរបស់ខ្លួន ឆ្មាំសមុទ្ររបស់ជប៉ុនបានកត់សម្គាល់ថា មីស៊ីលដែលបាញ់នោះ អាចជាមីស៊ីលផ្លោង។ យោធាជប៉ុនបាននិយាយថា មីស៊ីលនេះបានធ្លាក់ចូលទៅក្នុងសមុទ្រនៅខាងក្រៅតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ប្រទេសជប៉ុន។
ប្រសិនបើមានការបញ្ជាក់នោះ ការបាញ់សាកល្បងនេះនឹងក្លាយជាការបាញ់សាកល្បងមីស៊ីលទី ៨ គ្រាប់របស់កូរ៉េខាងជើងចាប់តាំងពីដើមឆ្នាំមក។ រដ្ឋាភិបាលទីក្រុងព្យុងយ៉ាងបានអត់ធ្មត់ពីសកម្មភាពមីស៊ីលក្នុងអំឡុងពេលកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំង ដែលបានបញ្ចប់កាលពីសប្តាហ៍មុនក្នុងអ្វីដែលអ្នកជំនាញខ្លះជឿថា មានការព្រមព្រៀងពីក្រុងប៉េកាំង។
ការបាញ់បង្ហោះកាលពីថ្ងៃអាទិត្យក៏កើតឡើងភ្លាមៗបន្ទាប់ពីប្រធានាធិបតីចិន XI Jinping បានប្តេជ្ញាថានឹងបង្កើន “មិត្តភាព និងកិច្ចសហប្រតិបត្តិការ” ជាមួយកូរ៉េខាងជើងនៅក្នុង “ស្ថានភាពថ្មី” ។ វាមិនច្បាស់ទេថាតើមេដឹកនាំចិនបានសំដៅជាពិសេសទៅលើជម្លោះយោធាដែលកំពុងបន្តរវាងរុស្ស៊ី និងអ៊ុយក្រែន៕
ប្រែសម្រួលៈ ណៃ តុលា