ព័ត៌មានអន្តរជាតិ

កងទ័ពរុស្ស៊ី ដាក់ពង្រាយអាវុធដុតកម្ទេច មនុស្សប្រភេទ TOS-1 ជិតព្រំដែនអ៊ុយក្រែន 

បរទេស៖ វីដេអូពីខាងក្នុងនៃប្រទេសរុស្ស៊ី ហាក់ដូចជាបង្ហាញពីការបាញ់បង្ហោះគ្រាប់រ៉ុក្កែតបំផ្លាញសិរីរាង្គ ដែលត្រូវបានដាក់ពង្រាយឆ្ពោះទៅព្រំដែនអ៊ុយក្រែន នេះបើយោងតាមកាសែត The Guardian ។

យោងតាមសារព័ត៌មាន Business Insider ចេញផ្សាយកាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២២ បានឱ្យដឹងថា វីដេអូដែលត្រូវបានចែករំលែកនៅលើ Twitter ដោយអ្នកឆ្លើយឆ្លងព័ត៌មាន CNN លោក Frederik Pleitgen បង្ហាញឧបករណ៍បំផ្ទុះភ្លើងធុនធ្ងន់ TOS-1 ដែលអាចបាញ់គ្រាប់រ៉ុក្កែតបំផ្លាញសិរីរាង្គ ដែលដាក់នៅលើតួរថក្រោះ T-72 ។ 

លោក Pleitgen បាននិយាយថា វីដេអូនេះត្រូវបានថតបាននៅភាគខាងត្បូងក្រុង Belgorod ដែលមានចម្ងាយប្រហែល ៤៥ ម៉ាយពីក្រុង Kharkov ប្រទេសអ៊ុយក្រែន។ 

កាសែត The Guardian បានផ្សាយថា អាវុធ TOS-1 ត្រូវបានប្រើជាលើកដំបូងក្នុងអំឡុងសង្រ្គាមសូវៀតនៅអាហ្វហ្គានីស្ថាន ហើយត្រូវបានគេដាក់ពង្រាយផងដែរនៅក្នុងសាធារណរដ្ឋ ឆេឆេនី និងសង្រ្គាមស៊ីវិលនៅស៊ីរី ផងដែរ។ វាអាចបាញ់ក្បាលគ្រាប់បានពីរប្រភេទគឺ គ្រឿងផ្ទុះ និងឥន្ធនៈផ្ទុះ។ គ្រាប់រ៉ុក្កែតក្រោយៗទៀត ហៅថា Vacuum ឬ Thermobaric rockets ដំណើរការដោយប្រើប្រាស់អុកស៊ីសែនពីខ្យល់ជុំវិញដើម្បីបង្កើតការផ្ទុះសីតុណ្ហភាពខ្ពស់។

ប្រព័ន្ធសព្វាវុធមានប្រសិទ្ធភាពខ្លាំងណាស់ប្រឆាំងនឹងមនុស្ស។ យោងតាមគេហទំព័រ Military-Today.com បានឱ្យដឹងថា TOS-1A ត្រូវបានប្រើដើម្បីសម្អាតអគារ កំពែងវាល និងលេណដ្ឋាន៕

ប្រែសម្រួលៈ ណៃ តុលា

To Top